(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំអ្នកព័ត៌មាននៅកម្ពុជាជាច្រើនទៅគោរពវិញ្ញាណក្ខន្ធអ្នកព័ត៌មាន ដែលបានពលីជីវិតក្នុងបុព្វហេតុព័ត៌មាន នៅស្តូបលើសួនច្បារមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ការដាក់កម្រងផ្កាដាក់គោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងចំពេលដែលកម្ពុជាប្រារព្ធទិវាសិទ្ធិសេរីភាពព័ត៌មាន លើពិភពលោកលើកទី១៦។ ជារៀងរាល់ឆ្នាំក្នុងថ្ងៃទិវាសិទ្ធិសេរីភាពព័ត៌មានពិភពលោកនេះ លោក ខៀវ កាញារីទ្ធ តែងតែបានដឹកនាំមន្រ្តីទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងឱកាសនោះថា សិទ្ធិសេរីភាពផ្នែកព័ត៌មាននៅកម្ពុជា នៅតែល្អប្រសើរ និងឈរនៅលេខរៀងល្អបើធៀបនឹងវិស័យព័ត៌មានក្នុងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ក៏ដូចជាលើពិភពលោក៕