(ភ្នំពេញ)៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងឈានចូលមកដល់នៅសប្តាហ៍ក្រោយនេះហើយ។ វេទិកានេះត្រូវបានរំពឹងថា នឹងផ្សព្វផ្សាយនូវកិត្យានុភាពរបស់កម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយថែមទៀត។
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧សប្តាហ៍ក្រោយនេះ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយឌែតេ, នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត រួមទាំងធុរកិច្ចជន អ្នកវិនិយោគមកពីបណ្តាក្រុមហ៊ុនល្បីៗ នៅលើពិភពលោកជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំវេទិកាអន្តរក្រសួង បានឲ្យដឹងក្នុងសន្និសីទស្តីពីការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់អាស៊ាននាព្រឹកថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៧នេះថា កម្ពុជាបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវេទិកាមួយនេះរួចរាល់ហើយ នៅសាលសហសិក្សាសម្តេចតេជោ ហ៊ុន សែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំនេះបានផ្តល់ផលចំណេញជាច្រើនដល់កម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រី តំណាងរដ្ឋាភិបាលរបស់ប្រទេសនានាក្នុងតំបន់ និងពិភពលោក មិនតែប៉ុណ្ណោះបានទាក់ទាញប្រធានក្រុមហ៊ុនធំៗ ហើយក៏មានយុវជន មកពីបណ្តាលប្រទេសផ្សេងៗ ទៀតមកចូលរួមផងដែលដើម្បីផ្លាស់ប្តូរមតិយោបល់ និងបទពិសោធពីគ្នា ទៅវិញទៅមក ក្នុងវេទិការសេដ្ឋកិច្ចពិភពលោកនេះផងដែរ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «វេទិកាសេដ្ឋកិច្ចពិភពលោកចំនួនពីរថ្ងៃនេះអាចបង្ហាញ ពីមុខមាត់កម្ពុជាលើឆាកអន្តរជាតិយ៉ាងច្រើន ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាព នយោបាយ និង ទំនាក់ទំនងការទូតល្អជាមួយបណ្តាលប្រទេសជិតខាង និងសកលលោក ដែលជាសក្ខីកម្មអាចបញ្ជាក់ពីទំនុកចិត្តដល់អ្នកវិនិយោគបរទេសមកបណ្តាក់ទុន នៅកម្ពុជាកាន់តែច្រើនឡើង មិនតែប៉ុណ្ណោះកម្ពុជាអាចរៀនសូត្រ ពីបទពិសោធការងារល្អៗពីសំណាក់វាគ្មិនសំខាន់ៗ ហើយវេទិការនេះ និងជួយបង្កើនការងារដល់យុវជនកម្ពុជា ដែលមានកំណើនជាលំដាប់ ដែលកំពុងស្វែងរការងារធ្វើ និងបង្កើនសមត្ថភាពបន្ថែមទៀត»។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ការមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គឺទាមទារនូវលក្ខខណ្ឌជាច្រើន ហើយលក្ខខណ្ឌចម្បងដែលធ្វើឲ្យកម្ពុជា ត្រូវបានសម្រេចឲ្យធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ ដោយសារកម្ពុជាមានសន្តិភាព និងស្ថេរភាពនយោបាយ។ ជាពិសេសមានការប្រឹងប្រែងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
«កិច្ចការនេះសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងណាស់ក្នុងការពន្យល់ ទៅអង្គការសេដ្ឋកិច្ចពិភពលោក (WEF) នេះដើម្បីឲ្យគេមករៀបចំ ការប្រជុំសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននៅកម្ពុជាយើង ដោយសារប្រទេសផ្សេងទៀត ក៏គេមានបំណងទាក់ទាញវេទិកានេះទៅធ្វើនៅប្រទេសគេ ក៏ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន បានអញ្ជើញទៅទីក្រុងដាវ៉ូស នៅឆ្នាំ២០១៥ ហើយលោក ក៏បានអញ្ជើញប្រជុំនៅតំបន់អាស៊ីយើងដូចជាប្រទេស វៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូលនស៊ី សម្តេចក៏បានអញ្ជើញទៅទីក្រុងដាវ៉ូស នៅដើមឆ្នាំ២០១៧នេះ ម្តងទៀតដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាសេដ្ឋកិច្ចពិលោក ស្តីពីអាស៊ាន បញ្ជាក់ឲ្យឃើញថាកម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំកម្មវិធីនេះ»។ លោកទេសរដ្ឋមន្រ្តីបន្ថែម។
សូមជម្រាបថា វេទិកាសេដ្ឋកិច្ចពិភពលោក ដែលហៅថា WEF ចាប់ផ្តើមឡើងនៅឆ្នាំ១៩៧១ នៅប្រទេសស្វីស។ WEF ជាអង្គការអន្តរជាតិមួយ ដែលទទួលស្គាល់ជុំវិញពិភពលោកជាអង្គការឯករាជ្យ អព្យាក្រឹត្យ មិនលំអៀងមិនស្ថិតក្រោម ចំណុះបរទេសណានោះទេ ប៉ុន្តែអង្គការនេះ បានប្រម៉ែប្រមូលគ្នា ដើម្បីពិភាក្សាធ្វើយ៉ាងម៉េចឲ្យពិភពលោកមានការរីកចម្រើន ជួបជុំគ្នារវាងថ្នាក់ដឹកនាំអ្នកនយោលបាយ អ្នកសេដ្ឋកិច្ច ផ្នែកឯកជនសង្គមក្រៅរដ្ឋាភិបាល និងសាស្រ្តចារ្យ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយលើបញ្ហាពិភពលោកជារៀងរាល់ឆ្នាំ៕