(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាសារព័ត៌មានពិភពលោកឆ្នាំនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសពូតដៃគ្នា ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ។ លោកថ្លែងថា បើមិនអញ្ជឹងទេ អ្នកកាសែតផ្ទាល់អាចនឹងទទួលគ្រោះថ្នាក់។
ការអំពាវនាវយ៉ាងដូច្នោះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅកម្ពុជា ដែលធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកកាសែត ត្រូវតែពូតដៃគ្នា លុបបំបាត់ Fake News ហើយកាលណាមាន Fake News ត្រូវប្រាប់ថានេះ គឺជា Fake News បើមិនអញ្ជឹងទេ ខ្លួនយើងជាអ្នកកាសែតអាចទទួលនឹងគ្រោះថ្នាក់»។
លោករដ្ឋមន្រ្តី បានបន្ថែមថា សេរីភាពសារព័ត៌មាន គឺបានសម្រាប់ចំពោះប្រជាជនទាំងអស់ ប៉ុន្ដែគ្រាន់តែមួយមានវិជ្ជាជីវៈ និងមួយទៀតអត់មានវិជ្ជាជីវៈ ដូច្នោះហើយ បើសិនជាគេនិយាយព័ត៌មានខុស យើងអ្នកសារព័ត៌មានមិនត្រូវទៅជេរតគេនោះទេ យើងត្រូវតែប្រាប់ថាវាខុស ហើយវាខុសកន្លែងណា នេះទើបជាអ្វីដែរសំខាន់។ លោកបានបន្តថា «នៅលើសកលលោកឥលូវនេះ ស្ទើរទាំងពិភពលោក ដែលយើងហៅថា ជាប្រទេសដែលជឿនលឿន ដែលមានភាពប្រជាធិបតេយ្យខ្លាំង ប៉ុន្ដែតួនាទីអ្នកកាសែតធ្លាក់ គឺធ្លាក់ដោយសារតែរឿង Fake News នេះ»។
លោកថា នៅពេលដែលព័ត៌មានក្លែងក្លាយច្រើន វានឹងប៉ះពាល់ទៅដល់តួនាទី ជាអ្នកកាសែត និងធ្វើឲ្យអ្នកកាសែតកាន់តែអន់ទៅៗ និងធ្វើឲ្យគេលែងជឿយើងទៅៗ៕