(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យយុវជនចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០១៧ខាងមុខ ដែលជាឱកាសឲ្យយុវជន ចូលរួមស្ដាប់ថ្នាក់ដឹកនាំកំពូលៗ មកពីប្រទេសនានា ក្នុងតំបន់អាស៊ាន ។
ជុំវិញកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ានដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៧ លោក ស្រ៊ុន ចាន់ថុល នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «នេះជាលើកទីមួយ ដែលកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាននឹងពិភាក្សាទៅលើ ប្រធានបទ យុវជន បច្ចេកវិទ្យា និងកំណើន ដើម្បីបើកឱកាសឲ្យយុវជនចូលរួម នៅពេលដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
លោកទេសរដ្ឋមន្ត្រី បានបន្តថា យុវជនកម្ពុជាគួរតែចាប់ យកឱកាសដ៏កម្រនេះ យុវជនអាចចូលរួមបានចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០១៧នេះ ចាប់ពីវេលាម៉ោង២ដល់ម៉ោង៤រសៀល នៅសាលសហសិក្សាសម្ដេចតេជោ ហ៊ុន សែន ឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប៉ុន្តែត្រូវចុះឈ្មោះជាមុនសិន នៅលើគេហទំព័រ របស់ក្រសួងសាធារណការ ហើយការចុះឈ្មោះនឹងបញ្ចប់ត្រឹមថ្ងៃទី៩ឧសភានេះហើយ។
គួរបញ្ជាក់ផងដែរថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំសេដ្ឋកិច្ច ពិភពលោកនេះ ក្រោមប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន» ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗដូចជា ប្រធានាធិបតី ហ្វីលីពីន នាយករដ្ឋមន្ត្រីវៀតណាម និងប្រទេសឡាវ រួមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់ជាច្រើនរូបទៀត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧៕