(បាត់ដំបង)៖ ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់មេបញ្ជាការរងកងទ័ព ដែលប្រចាំសមរភូមិមុខ និងបង្កើនភាពស្និទ្ធស្នាលរវាងមន្រ្តីរាជ និងកងទ័ព លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង រួមជាមួយសប្បុរសជននានា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចែកដល់សិក្ខាកាមយោធិននៅទីលានបាញ់គ្រាប់ពិត «មរតកតេជោសែនភ្នំវាលចាប» នៃយោធភូមិភាគទី៥ ស្ថិតក្នុងភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ការនាំអំណោយទាំងនេះ ក៏មានការអមដំណើរដោយលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មេបញ្ជាការងយោធភូមិភាគ មេបញ្ជាការកងពលតូចថ្មើជើងទាំង៣ យោធាចារ្យ សិក្ខាកាមយោធិន មកពីតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន៣ វរសេនាតូចជំនាញចំណុះឲ្យយោធភូមិភាគទី៥ ចំនួន៣០០នាក់។
លោក ខាន់ ម៉ាណេរ បានថ្លែងថា ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ឲ្យកាន់តែជិតស្និទ្ធនោះ អង្គភាពរបស់លោកបាននាំអំណោយមកទីនេះ ជាលើកទី៣ តាមការអំពាវនាវរបស់លោកមេបញ្ជាការយោធភូមិភាគទី៥ ហើយអង្គភាពលោក ក៏តែងតែបាននាំអំណោយទៅជូនកងទ័ពវរសេនាតូច លេខ៥០៩ ស្រុកសំឡូត ក្នុងនាមសម្ព័ន្ធមេត្រីភាពជាហូរហែរ កន្លងមក។
អំណោយដែលបានមកពីសប្បុរសជននាំយកមកចែកជូនសិក្ខាកាម នាពេលនេះ មានគ្រឿងបរិភោគជាច្រើនមុខ គិតជាទឹកប្រាក់១៨លានរៀល ក្នុងនោះលោក ច័ន្ទ សុផល ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២លានរៀល ផងដែរ ចំណែកមន្ទីរកិច្ចការនារីខេត្តបាត់ដំបង បានឧបត្ថម្ភ ២០ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានថ្លែងអំណរគុណដល់លោក ខាន់ ម៉ាណេរ និងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា នាំអំណោយចែកជូនសិក្ខាកាមនាពេលនេះ។
លោក ប៊ុន សេង ក៏បានបញ្ជាក់ជម្រាបប្រាប់ប្រតិភូថា នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែនភ្នំវាលចាបនេះ បានកសាងឡើងដោយមានការជួយឧបត្តម្ភគាំទ្រគ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈក្រសួងការពារជាតិ តាំងពីដើមរហូតមកទល់ពេលនេះ ព្រមទាំងហ្វឹកហ្វឺនសិក្ខាកាមបានជាច្រើននាក់។
លោកមេបញ្ជាការបានបញ្ជាក់ថា ទំហំដីដែលព័ទ្ធជុំវិញទីលាននេះ មានព័ទ្ធដោយភ្នំផង គឺមានទំហំជាង៦០០ហិកតា ជាកន្លែងធំល្អលំដាប់ទី២ ក្នុងប្រទេសកម្ពុជា និងមានអំណោយផលដល់ការសាងសង់ទីលាននេះឡើងសម្រាប់ធ្វើការហ្វឹកហ្វឺនដល់សិក្ខាកាមជាយោធិន កម្លាំងប្រដាប់អាវុធផ្សេងទៀត បានគ្រប់ជំនាន់ផងដែរ ហើយមានអំណោយផលប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ ទាំងរដូវវស្សា និងរដូវប្រាំងផង៕