(ក្រចេះ)៖ លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ និងជាអនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្រគល់ប្រាក់បេឡាមរណៈ ជូនគ្រួសារសពសមាជិកសមាគមចំនួន២៥សព ស្មើនឹងទឹកប្រាក់ចំនួន១០០លានរៀល និងនៅដើមឆ្នាំ២០១៧នេះចំនួន៨សព ស្មើនឹងទឹកប្រាក់ចំនួន ៣២លានរៀល។ សរុបគិតចាប់ពីឆ្នាំ២០០៧ នៃការកកើតសមាគមរហូតមកដល់ពេលនេះ សមាគមបានបើកផ្ដល់ប្រាក់បេឡាមរណៈជូនគ្រួសារសព ដែលជាសមាជិកសមាគមបានចំនួន១៧៣សព ទឹកប្រាក់សរុប៦៩២លានរៀល។
លោកបានលើកឡើងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីអបអរសាទរខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០១៧ ក្រោមអធិបតីភាពលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ តំណាងលោក សរ ចំរុង អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពខេត្ត។
ក្នុងពិធីនោះក៏មានវត្តមានចូលរួមពីក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំគ្រប់ឃុំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ឃុំ ការិយាល័យ អង្គភាពជុំវិញស្រុក អតីតយុទ្ធជន និងគ្រួសារពលី មរណៈ ចំនួន២៥០នាក់។
លោក ចាន់ សុគុណ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ក្នុងការ ផ្ដល់អាទិភាព ដល់ការអនុវត្តគោលនយោបាយចំពោះអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានស័ក្តិសម ទៅនឹងគុណបំណាច់របស់អតីតយុទ្ធ ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ សំដៅលើកកម្ពស់មនសិការស្នេហាជាតិ ស្មារតីលះបង់របស់ប្រជាជន គ្រប់ស្រទាប់ក្នុងបុព្វហេតុជាតិមាតុភូមិ។
លោកបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធ, ការដោះស្រាយការងារមុខរបរ, ការដោះស្រាយជីវភាពចំពោះយោធិនរំសាយ ចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារយុទ្ធជនពលីមរណៈ ដើម្បីឲ្យអតីតកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ មានធនធានដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន និងប្រកបរបរធ្វើស្រែចម្ការបង្កើន ផលកសិកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ចាន់ សុគុណ បានបញ្ជាក់ថា បច្ចុប្បន្នអតីតយុទ្ធជន ព្រមទាំងអ្នកនៅក្នុងបន្ទុកកំពុងទទួលប្រាក់ របបគោលនយោបាយ ពីរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសរុបមានចំនួន១,២៥៥នាក់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល និងបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ជូនដល់អតីតយុទ្ធចាប់ពីខែមេសា ឆ្នាំ២០១៧។
ដោយឡែកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក៏បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធនៅក្នុងសង្គមជាតិ ។ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត មានសមាជិកសរុប ចំនួន១,០២៣នាក់ ក្នុងនោះមាន គ្រួសារជនពលី គ្រួសារជនមរណៈ យោធិនពិកា និវត្តន៍ជន និងជនបាត់បង់សមត្ថភាពការងារ។
នៅក្នុងឱកាសនោះលោក ចាន់ សុគុណ បានជូនលុយ និងសារុងដល់បងប្អូនអតីតយុទ្ធជនចំនួន២៥០នាក់ ក្នុង១នាក់ទទួលបានសារុង១ និងប្រាក់ចំនួន២០០០០រៀលផងដែរ៕