(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានទណ្ឌិតចំនួន២៧៤នាក់ ក្នុងមានទណ្ឌិតជាស្រ្តី២៣នាក់ កំពុងត្រូវបានក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យ ដើម្បីស្នើព្រះមហាក្សត្រលើកលែងទោស និងបន្ធូរបន្ថយទោស សម្រាប់ឱកាសបុណ្យពិសាខបូជា ឆ្នាំ២០១៧នេះ។ នេះតាមការអះអាងរបស់ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងយុត្តិធម៌ កំពុងបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើរបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិត សម្រាប់ឱកាសបុណ្យពិសាខបូជា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
លោក គឹម សន្តិភាព និង លោក ជិន ម៉ាលីន ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ចំពោះកិច្ចការនេះ ក្រសួងបានទទួលពីពន្ធនាគារ រាជធានី-ខេត្តចំនួន១៥ និងមណ្ឌលអប់រំ កែប្រែចំនួន៤។
សូមបញ្ជាក់ថា ការបន្ធូរបន្ថយ និងលើកលែងទោស តែងត្រូវបានធ្វើឡើង៣ដង ក្នុងមួយឆ្នាំ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី បុណ្យអុំទូក និងបុណ្យពិសាខបូជា ផងដែរ៕