(ប៉ៃលិន)៖ បើគិតមកដល់ពេលនេះ មានរយៈពេលជាង៦ឆ្នាំមកហើយ ដែលលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានរៀបចំមូលនិធិចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិន ដោយមានការជ្រោមជ្រែងពី លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតក្នុងខេត្តប៉ៃលិន ដោយផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែ ជារៀងរាល់ខែ នៅថ្ងៃទី៣ នៃខែនីមួយៗ ក្នុងម្នាក់ៗថវិកាចំនួន ១០០,០០០រៀល ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយ សាសនាឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ លោកស្រី បាន ស្រីមុំ រួមនិងសហការីបានចុះជួបសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែឧសភា ឆ្នាំ២០១៧ ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិនចំនួន ១៦០នាក់ និងចំពោះលោកយាយ លោកតា ដែលមិនអាចធ្វើដំណើរបាន ក្រុមការងារបាននាំយកថវិកាផ្តល់ជូនដល់គេហដ្ឋានផ្ទាល់ផងដែរ។
ក្នុងឱកាសនោះ លោកស្រីបានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ លោកតា និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចសូមជូនពរឲ្យលោកយាយ លោកតាមានសុខភាពល្អ និងអាយុយឺនយូរ គ្រប់ៗគ្នា។
គួរបញ្ជាក់ថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ តាមរយៈអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាគ្រប់មណ្ឌល និងក្រុមការងាររបស់គណបក្សគ្រប់លំដាប់ថ្នាក់៕