(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ ចុះជួយ ស្រុកពញាក្រែក និងស្រុកកំចាយមារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ របស់ក្រសួង បានចុះដោយផ្ទាល់ ដើម្បីបើកប្រាក់ របបគោលនយោបាយ ជូនជនពិការក្រីក្រ ចំនួន ២៩០១នាក់ មកពី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្រុករមាសហែក ខេត្តស្វាយរៀង និងស្រុកកំចាយមារ ខេត្តព្រៃវែង។
នេះជាព្រឹត្តិការណ៍ប្រវត្ថិសាស្រ្តមួយ សម្រាប់ជនពិការ ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ការឧបត្ថម្ភ ជាជំហានដំបូង ចំនួន៥៨៦,០៨០,០០០រៀល នៅក្នុងឆ្នាំ២០១៧នេះ ចែកជូនដល់ជនពិការ ជាប្រាក់របបគោលនយោបាយ ។
ជាជំហានដំបូងនេះ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយក ស្រុកពញាក្រែក ស្រុករមាសហែក និងស្រុកកំចាយមារ ដើម្បីចុះចែកជូនជនពិការក្រីក្រ ហើយតាមគម្រោង នៅឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសង្គមកិច្ច និងមានកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីចែកជូនដល់ជនពិការជាច្រើននាក់ទៀត នៅតាមបណ្តាខេត្តនៅទូទាំងប្រទេស។
នៅក្នុងពិធីនោះរដ្ឋមន្រ្តី វង សូត បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដែលជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធានាចីរភាព នៃការអភិវឌ្ឍលើគ្រប់វិស័យ ឈានដល់ការកាត់បន្ថយ ភាពក្រីក្រ និងកំពុងបានទទួលផលពីសុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថេរភាពនយោបាយ ដែលកើតចេញពី នយោបាយឈ្នះឈ្នះ។
បន្ថែមពីលើនេះលោក វង សូត បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សភាពការណ៍ប្រទេសជាតិ មានការវិវឌ្ឍឈាន ឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្កលក្ខណៈ ក្នុងការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច មានភាពកាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់ ក្នុងនោះកំណើនសេដ្ឋកិច្ចជាមធ្យម ក្នុងរង្វង់ជាង៧%ក្នុងមួយឆ្នាំ។
ចំណែកអត្រាភាពក្រីក្របានកាត់បន្ថយមកត្រឹម១៣%ចំណូលរបស់ប្រជាជនម្នាក់ៗ បានកើនឡើងដល់ជាង១.៣០០ដុល្លារ អាមេរិក ធ្វើឱ្យកម្ពុជាបានបោះជំហានពីប្រទេស ដែលមានចំណូលកម្រិតទាប ទៅប្រទេសមានចំណូលមធ្យមកម្រិតទាប ។
ក្នុងការបន្តយកចិត្ដទុកដាក់ដោះស្រាយបញ្ហារបស់បងប្អូនជនពិការ និងក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ រដ្ឋមន្រ្តី វង សូត បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ បន្តអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ឱ្យបានទូទាំងប្រទេសក្នុងឆ្នាំ២០១៨ ខាងមុខ។
២៖ បន្តសហការជាមួយក្រសួងផែនការ លើការបន្ស៊ីផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រនៅតាមសហគមន៍ឱ្យបានច្បាស់លាស់។
៣៖ សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលមានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅសហគមន៍ ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីងាយស្រួលកំណត់ជនពិការទូទៅ ជាពិសេសជនពិការក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយឱ្យមានប្រសិទ្ធភាពខ្ពស់។
៤៖ បន្តសហការជាមួយក្រសួងសុខាភិបាល ក្នុងការកំណត់លក្ខណៈ វិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ជូនដល់ជនពិការដែលត្រូវការបញ្ជាក់ ដើម្បីទទួលបានផលប្រយោជន៍ និងសេវានានា។
៥៖ ត្រូវបន្តជំរុញក្រសួង ស្ថាប័ន និងផ្នែកឯកជន ឱ្យទទួលជនពិការ ចូលបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។
៦៖ រដ្ឋបាលសិទ្ធិជនពិការ ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនពិការឱ្យចូលបម្រើការងារ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា។
៧៖ រៀបចំនីតិវិធីអន្តរាគមន៍លើសេវាយុត្តិធម៌ដល់ជនពិការ ក្នុងនោះ មានការទទួលបណ្តឹងតវ៉ា និងដោះស្រាយសំណូមពរ របស់ជនពិការ មុនបំណាច់ឆ្នាំ២០១៧នេះ៕