(ភ្នំពេញ)៖ ក្នុងនាមជាមេដឹកនាំប្រទេសចិនម្នាក់ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងនូវការកោតសរសើរ និងបានចាត់ទុកប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយដ៏កំពូលនៅអាស៊ីអាគ្នេយ៍ ហើយរូបលោកផ្ទាល់ គាំទ្រគ្រប់ពេលវេលានូវប្រសាសន៍របស់សម្ដេចតេជោ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្ដរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្តីពីជំនួបទ្វារភាគីរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក យ៉ាង ជាឈី នាចុងខែមេសាកន្លងទៅនេះ។
ការកោតសរសើរ ដល់មេដឹកនាំកំពូលរបស់កម្ពុជាបែបនេះ ក៏ដោយសារតែលោកយល់ឃើញថា «សម្ដេចតេជោ បានកសាងនាវាកម្ពុជាមួយនេះ តាំងបាតដៃទទេ តាំងពីកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ហើយសម្ដេចបានស្ដារប្រទេស ឲ្យលេចមុខមាត់លើឆាកអន្ដរជាតិ មានហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង មានសន្ដិភាព ស្ថេរភាពនយោបាយ ដូចសព្វថ្ងៃនេះ»។
ជាមួយគ្នានោះសម្ដេចតេជោ បានឆ្លើយតបទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនរូបនេះថា សម្ដេចបានយកចិត្តទុក ដាក់ខ្លាំងណាស់ ចំពោះកិច្ច សហប្រតិបត្តិការ ដែលមានការអភិវឌ្ឍមួយចំនួនរួចមកហើយ ពិសេសការត្រៀមសហការគ្នាតទៅមុខទៀតអំពីបញ្ហា «ផ្លូវមួយ ខ្សែក្រវាត់មួយ» ដោយសម្ដេចបានគិតគូរ នឹងលើកគម្រោងនៅកម្ពុជាមួយចំនួន ដាក់ក្នុងក្របខ័ណ្ឌ «ផ្លូវមួយ ខ្សែក្រវាត់មួយ» គម្រោងទាំងនោះរួមមាន តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ, ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងការសាងសង់វាលយន្ដហោះថ្មី នៅខេត្តសៀមរាប។
មួយវិញទៀតសម្ដេចតេជោ បន្ថែមថា បញ្ហាអគ្គិសនីនៅកម្ពុជា ក៏គួរតែសិក្សាដើម្បីដាក់បញ្ជូលទៅក្នុងក្របខ័ណ្ឌ «ផ្លូវមួយ ខ្សែក្រវាត់មួយ» ដើម្បីឲ្យឃើញថា គំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតី ស៊ី និងបម្រើផលប្រយោជន៍ប្រជាជនកម្ពុជាដែរ៕