(ភ្នំពេញ)៖ លោកស្រី Marie-Odile Emond តំណាងអង្គការ UNAIDS ប្រចាំនៅកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង សុខាភិបាល និងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ សើស្បែក និងកាមរោគ ដែលបានកាត់បន្ថយបាននូវអត្រាប្រេវ៉ាឡង់ និងការចម្លងរោគ អេដស៍នៅកម្ពុជា ប្រកបដោយការទទួលខុសត្រូវ និងមានគំនិតផ្តួចផ្តើម ជាច្រើនទៀត ដើម្បីរុញច្រានសកម្មភាពនានាក្នុងការពារ ការចម្លងរោគអេដស៍ផង និងផ្តល់ការព្យាបាលដោយឱសថ ARV បានច្រើនជាងគេ ដែលអត្រាព្យាបាលអ្នកជំងឺអេដស៍ គឺខ្ពស់ជាងគេ នៅ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់។
លោកស្រីថ្លែងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោកស្រី ត្រូវបញ្ចប់បេសកម្មនៅកម្ពុជា ត្រឹមខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសុខាភិបាល។
លោកស្រីបន្ដថា នេះជាមោទនភាពរបស់កម្ពុជា ដែលកន្លងមកក៏ធ្លាប់បានទទួលនូវពានរង្វាន់ខ្នាតអន្តរជាតិ ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារសម្រេចបានទិសដៅសហសវត្សហ៍ មុនកាលកំណត់ ហើយការប្រើប្រាស់ស្រោមអនាម័យ (condom use) ក៏មានអត្រាខ្ពស់ គួរឲ្យកត់សម្គាល់ផងដែរ ដែលតាមរយៈលទ្ធផលល្អៗទាំងនេះ ធ្វើឲ្យមានការទទួលស្គាល់ថា កម្ពុជាជា Champion នៅក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍ នៅក្នុងតំបន់ផង និងនៅក្នុងសកលលោកផង។ អ្វីដែលគួរឲ្យកត់ សម្គាល់ផងដែរនោះ គឺការពង្រឹង សមត្ថភាពមន្ត្រីសុខា ភិបាលក្នុងការអនុវត្តន៍សកម្មភាពនានាសម្រាប់ទប់ស្កាត់ការឆ្លងការរីករាលដាលជំងឺអេដស៍ ដែលអាចឲ្យមន្ត្រីសុខាភិបាលមានសមត្ថភាព ក្នុងការបំពេញការងារបានល្អប្រសើរ។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNAIDS ដែលបានគាំទ្រ និងជួយក្រសួងសុខាភិបាល លើការប្រយុទ្ធនឹងជំងឺអេដស៍នេះ ហើយលទ្ធផលវិជ្ជមាន ដែលទទួលបាននេះ គឺមានការរួម ចំណែកពីដៃគូសុខាភិបាលផង ក្នុងនោះក៏មានអង្គការ UNAIDS ដែរ និងអង្គការក្រៅរដ្ឋាភិបាលផង។
រដ្ឋមន្ដ្រីបន្ដថា អ្វីដែលត្រូវធ្វើបន្តនោះ គឺបន្តការ ព្យាបាលដោយឱសថ ARV ជូនដល់អ្នកផ្ទុកវីរុសហ៊ីវ និងជម្រុញការអប់រំឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងចំណោមយុវវ័យ លើការការពារ ការចម្លងរោគអេដស៍នេះ ដោយចាំបាច់ត្រូវប្រើប្រាស់ស្រោមអនាម័យ ១០០% ហើយក្រសួងសុខាភិបាល មានការសោកស្តាយ ដែលលោកស្រីតំណាងអង្គការ UNAIDS ត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា ហើយលោករដ្ឋមន្ដ្រី ក៏សូមជូនពរដល់លោកស្រី ឲ្យទទួលបានជោគជ័យសម្រាប់ភារកិច្ចថ្មីរបស់លោកស្រីនាពេលខាងមុខនេះ៕