(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសផ្តល់ប្រព័ន្ធលូរំដោះបង្ហូរទឹកចំនួន២ខ្សែ ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងសហគមន៍ក្រីក្រស្ទឹងកំបុតផ្លូវភ្លោះ ក្នុងសង្កាត់ស្វាយប៉ាក ដើម្បីបញ្ជៀសការលេចលង់ពីជំនន់ទឹកភ្លៀង និងសម្រួលទាំងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ជា ពិសី លើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរ ដើម្បីបើកការដ្ឋានដាក់ប្រព័ន្ធលូបង្ហូរទឹក ក្នុងគម្រោងប្រើប្រាស់មូលនិធិរបស់រដ្ឋបាលខណ្ឌឫស្សីកែវឆ្នាំ២០១៧ ដោយខ្សែទី១-មានប្រវែង៤០៦ម៉ែត្រ «មុខកាត់០.៨ម៉ែត្រ» ស្ថិតក្នុងភូមិលូ និងខ្សែទី២-មានប្រវែង៣៣៤ម៉ែត្រ «មានមុខកាត់០.៦ម៉ែត្រ» ស្ថិតលើផ្លូវភ្លោះក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីបើកការដ្ឋានដាក់ប្រព័ន្ធលូបង្ហូររំដោះទឹកខាងលើនេះ មានការចូលរួមពីលោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក ព្រមទាំងវត្តមានលោក-លោកស្រី ជាមន្ត្រីសាលាខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ រួមជាមួយប្រជាពលរដ្ឋមកពីបណ្ដាភូមិនានា ចំនួន៣០០នាក់ផងដែរ។
នៅក្នុងពិធីបើកការដ្ឋានស្ថាបនា ដាក់ប្រព័ន្ធលូបង្ហូរទឹកបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀង និងជួយសម្រួលទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនេះដែរ លោក ជា ពិសី បានថ្លែងថា «ពាក់ព័ន្ធការដាក់ប្រព័ន្ធលូរំដោះទឹកនាពេលនេះ ក៏ព្រោះតែមានការស្នើសុំយ៉ាងយកចិត្តទុកដាក់ពីចៅសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន បានខិតខំប្រឹងប្រែងជួយដោះស្រាយជូនប្រជាពលរដ្ឋ អញ្ជឹងទេ សូមឲ្យប្រជាពលរដ្ឋជួយដល់បេក្ខភាពលោកចៅសង្កាត់វិញផង ដោយទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
លោក ជា ពិសី បន្តថា ប្រសិនបើក្នុងពេលដែលក្រុមហ៊ុន កំពុងបន្តស្ថាបនាដាក់ប្រព័ន្ធលូ មានទាំងការជីក-គាស់ធ្វើឲ្យប៉ះពាល់ឫរំខាន ក៏សូមអធ្យាស្រ័យផងដែរ ហើយប្រសិនជាប្រជាពលរដ្ឋ ចង់ដាក់ប្រព័ន្ធលូបង្ហូរទឹកចេញពីផ្ទះនីមួយៗ ចូលមកក្នុងប្រព័ន្ធលូ ដែលកំពុងដាក់ស្ថាបនានេះ ក៏អាចដាក់បានដែរ ដោយគ្មានចំណាយអស់ថវិកាឡើយ។
លោកក៏បានថ្លែងបន្តថា ក្រោយយើងស្ថាបនាប្រព័ន្ធលូនេះរួចរាល់ និងដាក់ឲ្យដំណើរការប្រើប្រាស់ «ប្រាកដជាមានគេដើរឃោសនាមិនខានឡើយ ដោយពូកែខាងឆ្លៀតឱកាសឃោសនាក្ដោបយកសមទ្ធិផលរបស់គេថា ជារបស់ខ្លួន និងពូកែខាងដើរសន្យាចោល ទាំងឲ្យចាស់ៗ ជរាក្នុង១ខែ៤ម៉ឺនរៀល ទាំងខ្លួនឯងគ្មានលុយមួយរៀលក្នុងហោប៉ាវទាល់តែសោះ ដែលគេហៅថា គោលនយោបាយប្រជាពិយត»។
លើសពីនេះលោក ជា ពិសី ក៏បានបញ្ជាក់ផងដែរថា មិនយូទេចំពោះប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមបណ្ដោយផ្លូវបេតុង លើប្រឡាយភ្លោះ ដែលជាដីសាធារណៈរបស់រដ្ឋ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ក្រោយពីលោកបើកកិច្ចប្រជុំ និងតាមរយៈការធ្វើសំណើរសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើបទានកម្មដីជូនពលរដ្ឋស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ហើយក៏សូមសំណូមពរដល់ ប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង ហើយបោះឲ្យត្រូវ កុំបោះឲ្យខុស ហើយសម្រេចបោះកុំឲ្យវិលទៅរកសង្គ្រាមវិញ គឺបោះដើម្បីយើងទទួលបាននូវសុខសន្តិភាព ហើយពេលយើងទទួល បានសុខសន្តិភាព គឺយើងទទួលបានការអភិវឌ្ឍន៍ ពេលយើងទទួលបានការអភិវឌ្ឍន៍ អ្វីៗក៏យើងមានមានគ្រប់បែបយ៉ាង គឺនាំគ្នាបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះលោក ហ៊ូ សាម៉ន ក៏បានលើកឡើងផងដែរថា ក្រៅពីការស្ថាបនាដាក់ប្រព័ន្ធលូ បង្ហូរទឹកខាងលើ យើងក៏នៅមានការជួសជុល ផ្លូវបេតុង១ខ្សែនេះ បន្ថែមទៀត ដើម្បីសម្រួលទាំងការធ្វើដំណើរចេញចូល និងទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយគ្មានចង់បានអ្វីត្រឡប់មកវិញឡើយ ក្រៅពីឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ក្នុងការយាល័យទាំង១៣របស់សង្កាត់ស្វាយប៉ាក និងមានបេក្ខភាពក្រុមប្រឹក្សាចំនួន២០នាក់។
ជាមួយគ្នានោះ លោក ជា ពិសី ក៏បានផ្ដល់សារុងចំនួន៣០០ ជូនដល់ប្រជាពលរដ្ឋចំនួន៣០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារុង១ ដើម្បីទុកជាចំណងដៃអនុស្សាវរីយ៍ផងដែរ រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយសម្រេចបើកការដ្ឋានដាក់ប្រព័ន្ធលូបង្ហូរទឹក ដើម្បីបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀង និងសម្រួលទាំងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចាប់ពីព្រឹកថ្ងៃនេះតទៅតែម្ដង៕