(ភ្នំពេញ)៖ ខណៈវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា កំពុងមានរីកចម្រើនគួរកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមហ៊ុន Smart Axiata បានសហការជាមួយដៃគូរបស់ខ្លួន បង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងមួយឈ្មោះថា «ព្រឹត្តិការណ៍ Hackathon» ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាក្នុងទម្រង់ជាក្រុមៗ បានបញ្ចេញសមត្ថភាពគំនិតច្នៃប្រឌិតរបស់ខ្លួន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យានេះ មុននឹងទទួលបណ្ដុះបណ្ដាលលម្អិតបន្ថែម សំដៅឲ្យពួកគេសម្រេចបានអាជីវកម្មរបស់ខ្លួន នាពេលអនាគត។
កម្មវិធីប្រកួតប្រជែងនេះ ស្ថិតក្នុងគម្រោង Smart Start របស់ក្រុមហ៊ុន Smart Axiata។ គម្រោង SmartStart គឺជាកម្មវិធីរយៈពេល៥ខែ សម្រាប់និស្សិតសាកលវិទ្យាល័យ សំដៅជំរុញលើកកម្ពស់ និងផ្ដល់ឱកាសឲ្យចូលរួមអភិវឌ្ឍគំនិតអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ដើម្បីបើកសក្ដានុពលនៃការច្នៃប្រឌិតរបស់និស្សិត និងផ្ដល់ឱកាសឲ្យពួកគេសម្រេចគោលគំនិតអាជីវកម្មរបស់ខ្លួន តាមរយៈសិក្ខាសាលា និងការបង្ហាត់បង្ហាញផ្ទាល់ពីអ្នកជំនាញមានបទពិសោធន៍ជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនដៃគូនានា។
កម្មវិធីប្រកួតប្រជែងនេះ បានដំណើរការដល់វគ្គទី២ហើយ គឺធ្វើឡើងនៅអគារ Raintree រាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពីនិស្សិតចំនួន ៣០ក្រុម ដែលក្រុមនីមួយមានសមាជិក ៣នាក់ ជាមធ្យម។ ពួកគេមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដោយផ្ដោតលើជាពិសេសទៅលើនិស្សិត ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ហើយមានក្ដីប្រាថ្នាចង់បង្កើតអាជីវកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និង Digital។
ថ្ងៃដំបូងនៃព្រឹត្តិការណ៍ Hackathon គឺជាពេលវេលាសម្រាប់ក្រុមនិស្សិតជួបពិភាក្សា និងពង្រីកគំនិតអាជីវកម្មរបស់ខ្លួន ក៏ដូចជាទទួលបានការបង្ហាត់បង្ហាញពីអ្នកជំនាញ និងបុគ្គលិករបស់ Smart។ នៅថ្ងៃទី២នៃព្រឹត្តិការណ៍នេះ ក្រុមនិស្សិតចាប់ផ្ដើមធ្វើតេស្ដគោលគំនិតសេវាកម្មរបស់ខ្លួន ដោយស្ទង់មតិអ្នកប្រើប្រាស់នៅពេលព្រឹក ហើយនៅពេលរសៀល ពួកគេបានផ្ដល់បទបង្ហាញពីគំនិតអាជីវកម្មរបស់ខ្លួនជាផ្លូវការ ដល់ក្រុមគណៈកម្មការវាយតម្លៃជ្រើសរើសក្រុមអ្នកឈ្នះ។ នៅព្រលប់ថ្ងៃទី៣០ ខែមេសានេះ ក្រុមចំនួន១៥ ត្រូវបានជ្រើសរើសសម្រាប់បន្តទៅមុខទៀត នៅចុងព្រឹត្តិការណ៍ Hackathon នេះ។ ក្រុមដែលជាប់បន្តទៅមុខទៀត នឹងត្រូវឆ្លងកាត់សកម្មភាព Technopreneurship Challenge ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់គាត់បន្ថែមទៀត។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានថ្លែងថា «ក្រុមហ៊ុន Smart ជាដៃគូអភិវឌ្ឍ និងវិនិយោគ ក្នុងរយៈពេលវែង ក្នុងវិស័យទូរគមនាគមន៍ចល័តកម្ពុជា ជាយូរមកហើយ ដូចនេះយើងនឹងជួយជំរុញ និងអភិវឌ្ឍទេពកោសល្យ ដែលមិនទាន់បានដុសខាត់របស់ពួកគេ ជាមួយកម្មវិធី Smart Start ដែលត្រូវបានរៀបចំឡើងក្នុងរបៀបមួយ ដែលនឹងមិនគ្រាន់តែផ្តល់ឱ្យនិស្សិតនូវចំណេះដឹងថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រផ្នែកឧបករណ៍បច្ចេកទេស ផ្តល់បទពិសោធន៍ ការបង្ហាត់បង្ហាញ និងការគាំទ្រផ្នែកថវិកាផងដែរ»។
ក្រុមបេក្ខជនដែលត្រូវបានគណៈកម្មការជ្រើសរើស ឲ្យបន្តចូលរួមប្រកួតនៅវគ្គបន្តទៀតនោះ បានរៀបរាប់ថា ពួកគេបានភាពរីករាយណាស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Hackathon នេះ ព្រោះពួកគាត់បានទទួលនូវបទពិសោធន៍ ចំណេះដឹង ការណែនាំដ៏ច្បាស់លាស់ និងជាក់ស្ដែងពីគ្រូបណ្ដុះបណ្ដាល ក៏ដូចជាអ្នកជំនាញនានា ដែលជាដៃគូរបស់ក្រុមហ៊ុន Smart សម្រាប់ជាពន្លឺដ៏ល្អក្នុងការនាំពួកគេទៅដល់គោលដៅ នោះគឺការក្លាយខ្លួនជាម្ចាស់អាជីវកម្មដ៏ជោគជ័យរៀងៗខ្លួន។
ក្នុងនាមជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសកម្ពុជា ពួកគេបានប្ដេជ្ញាថា នឹងខិតខំក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ និងអ្នកជំនាញទាំងនោះ ដើម្បីជាស្ពានចម្លងនាំពួកគេទៅដល់គោលដៅ និងមានឱកាសចូលរួមអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅកម្ពុជា ឲ្យកាន់តែមានភាពជឿនលឿន ដូចនៅបរទេសនានាដែរ។
សូមជម្រាបថា នៅវគ្គជម្រុះចុងក្រោយនោះ នឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ហើយគណៈកម្មការនឹងជ្រើសរើសក្រុមអ្នកមានទេពកោសល្យខ្លាំងពូកែជាងគេ ចំនួន៥ក្រុម ដើម្បីយកទៅបណ្ដុះបណ្ដាលលម្អិតបន្ថែម ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍នេះ ក្នុងរយៈពេល៦ខែទៀត ពិសេសពួកគេក៏មានឱកាសទៅទស្សនកិច្ច នៅប្រទេសសិង្ហបុរីផងដែរ ដើម្បីចុះកម្មសិក្សាផ្ទាល់នៅក្រុមបច្ចេកវិទ្យាល្បីៗលើពិភពលោក ដូចជា ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុន Micrisoft ជាដើម។ មួយទៀតសោត ក្រុមដែលឈ្នះទាំង៥ក្រុមនោះ ក៏នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤,០០០ដុល្លារ ក្នុងមួយក្រុមៗ ពីក្រុមហ៊ុន Smart Axiata ផងដែរ៕