(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងថា អ្នកកាសែតណាដែលបន្លំជាមួយអាជ្ញាធរ គឺខុសនឹងច្បាប់ ហើយថាបើករណីនេះស្ថិតនៅសហរដ្ឋអាមេរិកវិញ គឺចាប់វ៉ៃខ្នោះបញ្ចូលពន្ធនាគារតែម្តង។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅកម្ពុជា ដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «រឿងអ្នកកាសែតបន្លំខ្លួននេះ ធម្មតាមាន២បែប ចំពោះការបន្លំនេះ ទី១៖ បើយើងបន្លំនៅក្នុងសង្គមងងឹត យើងត្រូវបន្លំខ្លួន ប៉ុន្តែបើការបន្លំជាមួយអាជ្ញាធរមានសមត្ថកិច្ច អាហ្នឹងគឺបោកបន្លំ នេះគឺជារឿងផ្សេងប៉ុន្តែថាទោសអ្វីនោះ ខ្ញុំមិនដឹងទេ គឺស្ថិតនៅលើអ្នកច្បាប់»។
លោកបានបន្ថែមថា «ជាទូទៅ ការបន្លំជាមួយអាជ្ញាធរគឺខុស យើងអាចបន្លំជាមួយសង្គមងងឹត ដើម្បីសុវត្ថិភាពរបស់យើង ដើម្បីទទួលបានព័ត៌មាន»។ លោកបានបន្ថែមទៀតថា ករណីបន្លំខ្លួននេះ បើនៅសហរដ្ឋអាមេរិក គឺជាប់ពន្ធនាគារតែម្តង។
ការលើកឡើងរបស់ លោករដ្ឋមន្រ្តី បានធ្វើឡើងស្របពេលដែល សំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ តុលាការបានចោទ លោក ជុន ច័ន្ទបុត្រ ថាបន្លំសមត្ថកិច្ច ព្រមទាំងចេញបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនផងដែរ បន្ទាប់ពីអនុប្រធានវិទ្យុអាស៊ីសេរីរូបនេះ រត់ទៅដល់សហរដ្ឋអាមេរិក៕