(ភ្នំពេញ)៖ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋនៃសាធារណប្រមានិតចិន បានប្រកាសប្រាប់ដោយផ្ទាល់ចំពោះប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថា បញ្ហាសមុទ្រចិនខាងត្បូង សឹងមិនមានបញ្ហាអ្វីទេ ព្រោះសព្វថ្ងៃទំនាក់ទំនងចិន ជាមួយហ្វីលីពីនបានល្អ, សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបថា គណបក្សប្រជាជនកម្ពុជា ពុំរាថយដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ គឺជំហររបស់កម្ពុជាពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងនៅតែដដែល។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេស ដែលចេញនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
លោក យ៉ាង ជាឈី បានបញ្ជាក់យ៉ាងដូច្នេះថា «អំពីសមុទ្រចិនខាងត្បូង សឹងមិនមានជាបញ្ហាអ្វីទេ ព្រោះសព្វថ្ងៃទំនាក់ទំនងចិនជាមួយហ្វីលីពីនក៏បានល្អ ហើយលោក ស៊ី ជីនពីង ក៏ទើបតែមកទស្សកិច្ចនៅអាមេរិក ហើយអាមេរិកក៏មានទំនាក់ទំនងល្អជាមួយគាត់ ហើយប្រហែលជាអាច២ឆ្នាំទៀត លោក ដូ ណាល់ត្រាំ នឹងទៅទស្សនកិច្ចនៅស្រុកចិន ហើយកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិន មានច្រើនវិស័យហើយ»។
ដោយសារតែទំនាក់ទំនងរវាងអាមេរិក និងចិនមានការវិវត្តល្អ លោកទីប្រឹក្សារដ្ឋរូបនេះសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើនៅទីក្រុងម៉ានីល នឹងបានលទ្ធផលប្រកបដោយជោគជ័យ និងផ្លែផ្កា មិនមានបញ្ហាអ្វីឡើយ តែក៏មិនភ្លេចថា នៅមានប្រទេសខ្លះនៅតែមានបំណងចង់កកូរកកាយ នៅក្នុងអាស៊ានដែរ។
ឆ្លើយតបអំពីបញ្ហាសមុទ្រចិនខាងត្បូងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា ពុំរាថយដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ គឺជំហររបស់កម្ពុជាពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងនៅតែដដែល ព្រោះនេះជាបញ្ហាសន្ដិសុខ មិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងទេ»។
សម្ដេចតេជោ ក៏បានលើកឡើងថា បើគេនៅតែនាំគ្នាលើកអំពីបញ្ហាសមុទ្រចិនខាងត្បូង សម្ដេចត្រូវតែធ្វើបឋកថាមួយពន្យល់អំពីអ្វីដែលហៅថា «សមុទ្រចិនខាងត្បូង» តែសម្ដេចសង្ឃឹមថា មិនដល់ថ្នាក់នោះទេ ព្រោះសព្វថ្ងៃសភាពការណ៍ល្អហើយ។
យ៉ាងណាមិញ ប្រមុនរាជរដ្ឋាភិបាលកម្ពុជា ក៏បានឯកភាពចំពោះទំនាក់ទំនងដ៏ល្អរវាងចិន និងហ្វីលីពីន ព្រមទាំងចិន និងវៀតណាម ហើយវៀតណាមក៏មានជំហរចង់រកដំណោះស្រាយឲ្យបានល្អ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះដែរ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការជៀសវាងការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលទទួលស្គាល់ជាសកលរួមមាន អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាយន្តការដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូង៕