(ភ្នំពេញ)៖ លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយករបស់ គណបក្សសង្រ្គោះជាតិ បានអះអាងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះថា គណបក្សសង្រ្គោះជាតិ នឹងកោះប្រជុំគណៈកម្មាធិការនាយក ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សា ជុំវិញតំណែងអនុប្រធានបក្ស ក្រោយពេលដែលក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ជាផ្លូវការនូវ ការធ្វើវិសោធនកម្មលក្ខន្តិកៈប្រកា៤៧ថ្មី (មួយ)របស់គណបក្សសង្រ្គោះជាតិ។
លោក ប៉ុល ហំម បានបញ្ជាក់ឱ្យដឹងថា «យើងរង់ចាំឱ្យតែក្រសួងមហាផ្ទៃទទួលស្គាល់ ដើម្បីយើងអនុវត្តទៅតាមប្រការ៤៧ថ្មី(មួយ)នោះ។ តាមប្រការថ្មីនេះ គឺគណបក្សសង្រ្គោះជាតិ ត្រូវជ្រើសរើសអនុប្រធាន នៅពេលណាដែលពុំមានអនុប្រធាន ដូច្នេះយើងនឹងជួបជជែកគ្នា ដើម្បីកំណត់ពេលប្រជុំ គណៈកម្មាធិការនាយក»។
លោក ប៉ុល ហំម បានបន្ថែមទៀតថា ជាជំហររបស់គណបក្សសង្រ្គោះជាតិ ពេលនេះ នឹងមិនមានអ្វីកែប្រែសម្រាប់សមាសភាពក្បាលម៉ាស៊ីនរបស់ខ្លួននោះទេ ប៉ុន្តែទោះជាយ៉ាងណា លោកថ្លែងថា កិច្ចការនេះ នឹងអាស្រ័យលើគណៈកម្មាធិការនាយកទាំងមូល។
លោក ប៉ុល ហំម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកទល់ពេលនេះ គណបក្សយើង មិនមានការជជែកគ្នាអំពីសមាសភាពថ្មីនោះទេ យើងគ្រាន់តែចង់តម្រូវទៅតាមនីតិវិធី តាមច្បាប់ ដែលក្រសួងមហាផ្ទៃបានផ្តល់មក ប៉ុន្តែវាស៊ីសងនៅលើគណៈកម្មាធិការនាយកតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានសម្រេចទទួលស្គាល់ ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈប្រកា៤៧ថ្មី របស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន។
លិខិតរបស់សម្តេចក្រឡាហោម បានសរសេរថា «ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតរបស់គណបក្សសង្រ្គោះជាតិ ដូចមានចុះក្នុងយោងខាងលើ ពាក់ព័ន្ធនឹងសំណើសុំតម្កល់លក្ខន្តិកៈគណបក្សសង្រ្គោះជាតិ ដែលសមាជវិសាមញ្ញ គណបក្សបានធ្វើវិសោធនកម្មលើប្រកា៤៧(ថ្មី) ទៅជាប្រកា៤៧ថ្មី (មួយ) និងបានអនុម័តកែតម្រូវលេខរៀងជំពូកទី១០ ទៅជាជំពូកទី៩វិញ»។
ការទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិបានរៀបចំសមាជវិសាមញមួយទៀត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដោយសម្រេចកែប្រែជាថ្មីម្តងទៀត នូវលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រកា៤៧ថ្មី ស្តីពីការជ្រើសរើសអនុប្រធានគណបក្សរបស់ខ្លួន។ ប្រការ៤៧ថ្មី(មួយ) ដែលត្រូវបក្សប្រឆាំងកែប្រែរួចនេះ នឹងមិនកំណត់រយៈពេល៣០ថ្ងៃ សម្រាប់ការជ្រើសរើសអនុប្រធាន ដូចប្រការ៤៧ថ្មីឡើយ ពោលគឺការជ្រើសរើសអនុប្រធានរបស់គណបក្សសង្រ្គោះជាតិ លែងមានការកំណត់ពេលដូចមុនហើយ៕