(ក្រចេះ)៖ កម្លាំងចម្រុះដឹកដោយលោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របុរី ក្រោមការសម្របសម្រួលពីលោក ទុក វិនីត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងស្តុកសត្វសារិការកែវ ជិត១ពាន់ក្បាល ដែលក្រុមឈ្មួញបម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាម។
ការបង្ក្រាបនេះត្រូវបានធ្វើឡើង នៅវេលាម៉ោង ០៩៖៣០នាទីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ នៅភូមិព្រែកសាម៉ាន់ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ួង សម្បត្តិ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ នគរបាលខេត្តកម្លាំង កម្លាំងអាវុធហត្ថ ហើយក្នុងនោះ រឹបអូសបានសត្វសារិការកែវវង ជិត១ពាន់ក្បាល ដែលស្តុកទុកបម្រុងយកទៅលក់នៅប្រទេសវៀតណាម។
លោក អ៊ីវ ហាក់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា ម្ចាស់លំនៅដ្ឋានដែលស្តុកសត្វសារិការកែវវង នោះមានឈ្មោះ ពក ណេង ភេទប្រុស ហើយត្រូវរត់គេចខ្លួនបាត់ស្រមោល នៅពេលកម្លាំងចុះទៅដល់។
បច្ចុប្បន្នសត្វស្លាបទាំងនេះ ត្រូវបានជំនាញយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីធ្វើកំណត់ហេតុប្រលែងឲ្យមានសេរីភាពវិញ៕