(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់គណៈប្រតិភូ និងសប្បុរសជន ដែលបាននាំយកថវិកា មកចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស ពិសេសសម្ដេច ក៏អំពាវនាវដល់សប្បុរសជន មេត្តាបន្តជួយឧបត្ថម្ភគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ដើម្បីប្រតិបត្តិការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបសវនការ និងទទួលអំណោយជាថវិកាសរុបចំនួន ២៤០.០០០ដុល្លារ ពីសប្បុរសជន សម្រាប់ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៧នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៧ នេះ ដែលរួមមាន ៖
១/ ថវិកាចំនួន ១០០.០០០ដុល្លារ ពីអគ្គិសនីកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា
២/ ថវិកាចំនួន ១០០.០០០ដុល្លារ ពីក្រុមហ៊ុន អេក ជី ប៊ី គ្រុប (HGB GROUP) ដឹកនាំដោយ ឧកញ៉ា ង៉ូវ លាងហួត អគ្គនាយកក្រុមហ៊ុន អេក ជី ប៊ី
៣/ ថវិកាចំនួន ៥.០០០ដុល្លារ ពីក្រុមហ៊ុន Woodmax Xy Industries corporation ។
៤/ ថវិកាចំនួន ១០.០០០ដុល្លារ ពីក្រុមហ៊ុន SCNK (CAMBODIA) Co.,Ltd ។
៥/ ថវិកាចំនួន ១០.០០០ដុល្លារ ពីលោក តាន់ ហ្វូជី (Mr. Tan Fuh Gih)។
៦/ ថវិកាចំនួន ១០.០០០ដុល្លារ ពីកញ្ញា ជេនីហ្វឺ លី កា ហុង (Miss. Jennifer Lee Kah Hong) ។
៧/ ថវិកាចំនួន ៥.០០០ដុល្លារ ពីកញ្ញា យីង ជុង លីង នាយិកាក្រុមហ៊ុន Kao Cheng International Enterprise Co.,Ltd ។
ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ប្រកបដោយសទ្ធាជ្រះថ្លា របស់សប្បុរសជន និងបន្តអំពាវនាវដល់សប្បុរសជនមេត្តាបន្តជួយឧបត្ថម្ភគាំទ្រ និងអំពាវនាវបន្តដល់សប្បុរសជនដទៃទៀត ជួយដល់កាកបាទក្រហមកម្ពុជា ដើម្បីប្រតិបត្តិការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់ថា បេសកកម្មមនុស្សធម៌កាកបាទក្រហមកម្ពុជា អាចធ្វើទៅបានគឺដោយសារបានការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ ជាពិសេសក្នុងទិវា ៨ ឧសភា ហើយក្នុងឆ្នាំកន្លងទៅ កាកបាទក្រហមកម្ពុជា បានសម្រេចជោគជ័យខ្លាំងទៅលើការដោះស្រាយទឹកស្អាតជូនប្រជាពលរដ្ឋ រួមមាន ការជីកស្រះ ខួងអណ្តូង និងយុទ្ធនាការចែកទឹក បានស្ទើរគ្រប់ទីកន្លែង ដាច់ស្រយាលនៅទូទាំងប្រទេស។
ជាកិច្ចឆ្លើយតប សប្បុរសជនទាំងអស់ បានសម្តែងនូវការអរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកថវិកាមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់បំផុត។ ទន្ទឹមនឹងនោះ សប្បុរជនទាំងអស់បានប្តេជ្ញាបន្តគាំទ្រ និងបន្តអំពាវនាវដល់សប្បុរសជន ឬអ្នកវិនិយោគដទៃទៀត ដើម្បីជួយដល់បេសកកម្មកាកបាទក្រហមកម្ពុជា៕