(ភ្នំពេញ)៖ រាល់ការងារនៅក្នុងអង្គភាពមួយសុទ្ធ តែមានតម្លៃ ការងារទាំងអស់ នៅក្នុងអង្គភាពមួយ ត្រូវបានឲ្យតម្លៃស្មើៗគ្នា ទោះបីជាតំណែងតូច ឬតំណែងធំក្តី។ ដើម្បីយល់ពីផលលំបាក របស់បុគ្គលិកក្នុងក្រុមហ៊ុន ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុន លំដាប់អន្តរជាតិ និងមានបទពិសោធន៍ខ្ពស់ ខាងផ្នែកចំណីអាហារបានប្រារព្ធទិវា EFG លើកទី៤ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ នៅគ្រប់សាខាហាង របស់ខ្លួន។
អគ្គនាយកគណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ទាំងអស់ ត្រូវបានគេប្រទះឃើញ មកធ្វើជាអ្នករត់តុ អ្នកចំអិន អ្នកសំអាត និងអ្នកគិតលុយ នៅតាមបណ្ដាភោជនីយដ្ឋាន របស់ក្រុមហ៊ុនEFG។ បុរសស្លៀកឯកសណ្ឋានបុគ្គលិក សេវាអតិថិជន របស់ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី ត្រូវបានគេស្គាល់ថា ជាលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia កំពុងតែកត់អាហារ ដែលភ្ញៀវកុម្ម៉ង់ ព្រមទាំងលើកភេសជ្ជៈ ជូនភ្ញៀវពិសាយ៉ាងញញឹមរួសរាយ ដោយខុសពីសកម្មភាពការងារ ប្រចាំថ្ងៃរបស់លោក ពាក់ក្រវាត់ក អាវធំក្នុងម៉ាស៊ីនត្រជាក់ ធ្វើការយ៉ាងមឺងម៉ាត់។
លោកបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ សម្រាប់លោក ក្នុងការមកបំពេញការងារ តាមភោជនីយដ្ឋាន របស់ក្រុមហ៊ុន EFG។ កន្លងមកលោកធ្លាប់ស្ម័គ្រចិត្ត ធ្វើជាអ្នកចំអិនភីហ្សា ក្នុងហាង ដឹ ភីហ្សា ខមផេនី អ្នកឆុងកាហ្វេរបស់ហាង Costa Coffee និងបុគ្គលិកបំរើសេវាអតិថិជន របស់ភោជនីយដ្ឋាន BBQ Chicken ទៀតផង។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បាននិយាយថា ពួកយើងបផ្ដួចផ្ដើម ធ្វើបែបនេះឡើង ដើម្បីជាវេទិកាសម្រាប់បុគ្គលិកការិយាល័យទាំងអស់ ចំណាយពេលវេលា ក្នុងការយល់ពីអតិថិជន ដោយធ្វើការប្រតិបត្តិការផ្ទាល់ ជាមួយបុគ្គលិកក្នុងហាង ដើម្បីមានការប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងស្វែងយល់ដឹងពីគម្លាត និងការទាមទាររបស់បុគ្គលិក និងអតិថិជន ក្នុងការអភិវឌ្ឍក្រុមហ៊ុន និងសង្គម។
នៅក្នុងទិវា EFG លើកទី៤ បុគ្គលិកទាំងអស់ របស់ក្រុមហ៊ុន RMA Cambodia ដែលធ្វើការនៅទីស្នាក់ការកណ្តាល ក្នុងនោះរួមមានមន្ដ្រីនៅការិយាល័យ អ្នកគ្រប់គ្រងទូទៅ, នាយកប្រតិបត្តិការ នាយកទីផ្សារ និងអគ្គនាយកក្រុមហ៊ុន នឹងចំណាយពេលពេញមួយថ្ងៃ ធ្វើការនៅឯហាងលក់ផ្ទាល់ របស់ក្រុមហ៊ុន EFG នៅទូទាំងរាជធានីភ្នំពេញ ដោយចុះទៅធ្វើការក្នុងហាងផ្ទាល់ មានដូចជាធ្វើការចំអិនអាហារ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី និងធ្វើការប្រាស្រ័យទាក់ទង ស្វាគមន៍ ជាមួយនឹងការទទួលបញ្ជាទិញ ពីអតិថិជន និងបម្រើម្ហូបអាហារជាដើម។
វាជាឱកាសដ៏ល្អមួយ ដើម្បីទទួលយកបទពិសោធន៍ការងារប្រចាំថ្ងៃ ជាមួយនឹងសហការីជួរខាងមុខរបស់យើង និងអ្វីដែលសំខាន់ជាងនេះ គឺដើម្បីមានឱកាស បម្រើសេវាកម្មជូនអតិថិជន របស់យើងដោយផ្ទាល់។ «ខ្ញុំទទួលបានប្រយោជន៍យ៉ាងច្រើន ពីសកម្មភាពនៅថ្ងៃនេះ ព្រោះខ្ញុំអាចចូលមកកាន់តែ ខិតជិតដល់បុគ្គលិករបស់យើង នៅហាង ញុំាអាហាររួមគ្នា ជជែកបែបមិត្តភក្ដិ ស្ដាប់យល់ដឹងកាន់តែច្រើន ពីគ្នាទៅវិញទៅមក និងរកវិធីដើម្បីកែលម្អការងារ និងជីវិតរបស់យើង។ ខ្ងុំពិតជារីករាយ ជាមួយនឹងសកម្មភាពរបស់យើង នៅ EFG Days ហើយនឹងចូលរួមនៅឆ្នាំក្រោយ នៅហាងផ្សេងទៀតៗ។ នេះបើយោងតាមសំដីរបស់ លោក ទេព វីរៈ គណៈគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន EFG។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ អ្នករាល់គ្នាពីអគ្គនាយកដល់បុគ្គលិក ជួបគ្នាបរិភោគអាហារថ្ងៃត្រង់រួមគ្នា, ជជែកកំសាន្ត, ចែករំលែកបទពិសោធន៍, ផ្តល់នូវឱកាសការងារល្អ និងគន្លឹះត្រៀមខ្លួន ម្រាប់ការងារនាពេលអនាគត ជាមួយនឹងក្រុមហ៊ុន RMA Cambodia និង EFG ព្រមទាំងពន្យល់ពីផលប្រយោជន៍ជាច្រើន សម្រាប់បុគ្គលិក រួមមានកម្ចី សម្រាប់ការសិក្សា, ការធានារ៉ាប់រង កម្មវិធីណែនាំអតិថិជន និងប្រាក់រង្វាន់ប្រចាំឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។
លោក Sorakphivorn Banaul ប្រធានគ្រប់គ្រងទំនាក់ទំនង សាធារណៈរបស់ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា រាល់ការងារទាំងអស់ មានសារៈសំខាន់ ទោះបីជាការងារតំណែង ខ្ពស់ឬទាប។ «ការងារទាំងអស់ ក្នុងស្ថាប័នមួយសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងមិនអាចមើលរំលង ការងារណាបានឡើយ ការងារទំាងនោះ ដូចជារាងកាយរបស់មនុស្ស ដែលមិនអាចខ្វះផ្នែកមួយណាទាស់តែសោះ»។
តាមច្បាប់ពលកម្ម របស់ព្រះរាជាណាចក្រកម្ពុជា និយោជិក ទទួលបានការឈប់សម្រាប់១ថ្ងៃ សម្រាប់ទិវាពលកម្មអន្ដជាតិ១ឧសភានេះ។ ដោយឡែក បុគ្គលិក និងគណៈគ្រប់គ្រង របស់ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្តមកធ្វើការងារ តាមហាងនានារបស់ក្រុមហ៊ុន EFG។
លោក ងន សាំង បានបន្ថែមថា «បើទោះបីជាបុគ្គលិក របស់ក្រុមហ៊ុន RMA Cambodia ស្នាក់ការកណ្ដាល ទទួលបានការឈប់សម្រាក១ថ្ងៃ តែពួកគាត់ស្ម័គ្រចិត្ត មកធ្វើការងារនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះ ធ្លាប់តែផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ និងមានគុណភាពខ្ពស់ ដល់អតិថិជន តែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិក ណែនាំវិញម្ដង រួមទាំងខ្ងុំផងដែរ»៕