(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈកម្មការកសាងមជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន ចុះពិនិត្យទីតាំងកសាងមជ្ឈមណ្ឌល ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា ការកសាងមជ្ឈមណ្ឌលមួយនេះ គឺដើម្បីបន្សាប អប់រំ ព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពួកគេឲ្យមានជំនាញអាចប្រកបមុខរបរចិញ្ចឹមជិវិតបាន ពេលពួកគាត់ធ្វើ សមាហរណកម្មត្រឡប់ ទៅរួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញ កាត់បន្ថយបានការលាប់ទៅប្រើគ្រឿងញៀនវិញ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រាប់ឲ្យដឹងថា គម្រោងនៃការសាងសង់មណ្ឌលដំណាក់កាលទី១នេះ សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ទឹក អគ្គីសនី និងអគារសំខាន់ៗចំនួន១០ ក្នុងនោះមានអគាររដ្ឋបាល មន្ទីរពេទ្យ អគារស្នាក់នៅ ជាដើម។ល។ ដែលត្រូវការចំណាយថវិកា អស់ប្រមាណជា៥លានដុល្លាអាមេរិក បានមកពីសប្បុរសជនជាតិ អន្តរជាតិ ហើយនាយឧត្តមសេនីយ៍ បានធ្វើការអំពាវនាវសុំការចូលរួម ពីសប្បុរសជនចូលរួមបន្ថែមទៀត៕