(ភ្នំពេញ)៖ កម្មវិធី «Run & Ride សប្បុរសធម៌ ដើម្បីកម្ពុជា២០១៧» បានប្រមូលថវិកាបានជាង២៦ម៉ឺនដុល្លារ ដើម្បីជួយជួសជុល ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាខ្វះខាត នៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការលើកឡើង របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលអ្នកឧបត្ថម្ភការរៀបចំ កម្មវិធីនេះ។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងក្នុងពិធីបើកការប្រកួត «Run & Ride សប្បុរសធម៌» កាលពីពេលថ្មីៗនេះថា «ថវិកាដែលយើងប្រមូលបាន ពីការចុះឈ្មោះ គឺបានប្រហែល១ម៉ឺន៣ពាន់ដុល្លារ សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងឧបត្ថម្ភទឹកប្រាក់បន្ថែមចំនួន ២៥ម៉ឺនដុល្លារទៀត ដើម្បីជួយសាលាខ្វះខាត»។
លោកឧកញ៉ា បានបញ្ជាក់ថា ចំនួនកីឡាករ ដែលចុះឈ្មោះក្នុងកម្មវិធីសប្បុរសធម៌ ទាំងពីរថ្ងៃនេះ មានសរុបប្រហែល១៦០០នាក់ ដែលក្នុងនោះ កីឡាកររត់ពាក់កណ្តាលម៉ារ៉ាតុង មានចំនួនប្រហែល១៤០០នាក់ និងកីឡាករប្រណាំងកង់ មានប្រហែល ២០០នាក់។
គួរបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ ក្នុងការរៀបចំកម្មវិធី «Run & Ride សប្បុរសធម៌ ដើម្បីកម្ពុជា២០១៧» ត្រូវបានទទួលរ៉ាប់រងទាំងស្រុង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត បាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកផ្លែឈើ Joop៕