(បន្ទាយមានជ័យ)៖ អគារសិក្សាមួយខ្នងមាន៥បន្ទប់ និងរបងនៃបឋមសិក្សាចែង ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដាក់់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីផ្ទាល់ និងមានការចូលរួមពីលោក អ៊ុង អឿនប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ លោកតា លោកយាយ ប្អូនៗសិស្សានុសិស្ស ជាច្រើននាក់។
ក្នុងឱកាសនោះ លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន បានថ្លែងថា ទាំងអស់នេះជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស និងបានចូលរួមយកចិត្តទុកដាក់ផងដែរ លើការងារធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាព ប្រជាពលរដ្ឋ តាមរយៈនៃការកសាងអណ្តូងស្អាតជូនសហគមន៍។
លោកស្រី ក៏បានជំរុញឲ្យមាតាបិតា សិស្ស ទាំងអស់ត្រូវជំរុញកូនឲ្យចូលរៀន ឲ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ម្ចាស់អំណោយ ដែលបានចំណាយពេលវេលា និងថវិកាជាច្រើនមកជួយកសាងអគារសិក្សានេះ។
ជាមួយគ្នានោះ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការកសាង សាលារៀននៅគ្រប់ទីកន្លែងរហូតដល់ ភូមិដាច់ស្រយាល ក្នុងគោលដៅបង្ខិត សាលារៀនឲ្យទៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួល ដល់ការរៀនសូត្រ របស់កូនចៅ ប្រជាជនបានគ្រប់ៗគ្នា៕