(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា បានសម្ដែងក្ដីសុទិដ្ឋិនិយម ចំពោះការរីកចម្រើន នៃក្នុងក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដែលមានបញ្ជាក់ឲ្យឃើញថា ការចូលមកជាហូរហែ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បានឆ្លុះបញ្ចាំងឲ្យឃើញ ពីភាពរីកចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ច និងការកើនឡើងនូវចំណូល ជីវភាពដ៏សម្បូរបែប នៃប្រជាជនកម្ពុជា។
ការសម្ដែងក្ដីយល់ឃើញបែបនេះ ត្រូវបានថ្លែងឡើងដោយលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែលលោកស្រី បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកសម្ពោធជាផ្លូវការ នូវក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មានឈ្មោះថា «Bangkok Life Assurance (Cambodia) Public Limited Company» នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅឯសណ្ឋាគារ Intercontinental។
លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងទៀតថា យោងតាមរបាយការណ៍ នៃសមាគមធានារ៉ាប់រងនៃកម្ពុជា បានបង្ហាញថា ការធានារ៉ាប់រងទូទៅ រីកចម្រើនចំនួន ៣៦.៦% កាលពីឆ្នាំទៅ មានតម្លៃជាទឹកប្រាក់ចំនួន ១១៣.៦លានដុល្លារ។ ការធានារ៉ាប់រងអាយុជីវិត បានចូលរួមវិភាគទាន ក្នុងការរីកចម្រើន ក្នុងឧស្សាហកម្មធានារ៉ាប់រងនេះ ដែលក្នុងនោះបានបង្ហាញតាមរយៈរបាយការណ៍ ថាមានការរីកចម្រើនលូតលាស់ ៩៥% ព្រមទំាងមានប័ណ្ណធានារ៉ាប់រងថ្មីៗ ចំនួន ៥១.០០០ទៀត ដែលបានចុះហត្ថលេខារួចរាល់។
នេះជាសិ្ថតិមួយ ដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់វិស័យធានារ៉ាប់រងនេះ ជាពិសេសចំពោះក្រុមហ៊ុនធានារ៉ាប់រង ដែលកំពុងតែមានវត្តមាននៅទីនេះ ព្រមទាំងបានឆ្លុះបញ្ចាំង ពីភាពរីកចម្រើន និងការកើនឡើងនូវចំណូល និងជីវភាពដ៏សម្បូរបែប នៃប្រជាជនកម្ពុជា។
លោកស្រីរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា លោកអ្នកច្បាស់ជាជ្រាបហើយថា ចំនួនមនុស្សដែលជាវនូវការធានារ៉ាប់រង បានបង្ហាញពីភាពរីកចម្រើន លូតលាស់នៃសេដ្ឋកិច្ច មានន័យថាគ្រួសារទំាងនោះ មានចំណូលគ្រប់គ្រាន់ ដើម្បីងាកមកគិតពីអនាគត។ សេដ្ឋកិច្ចនៃប្រទេសកម្ពុជា បានរីកលូតលាស់ក្នុងកំណើន ៧%ក្នុង១ឆ្នាំ ជាការរីកចម្រើនយ៉ាងលឿនមួយ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ព្រមទាំងការគ្រោងទុកថា ការរីកចម្រើននេះ និងរីកលូតលាស់ខ្លាំង រហូតដល់ឆ្នាំ២០២០។ លទ្ធផល នៃរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចនេះ ក៏បានបង្ហាញយ៉ាងច្បាស់ ពីការចាប់អារម្មណ៍នៃប្រជាជនកម្ពុជា ក្នុងការការពារ សមាជិកគ្រួសាររបស់គេ និងអនាគតនៃហិរញ្ញវត្ថុ របស់ពួកគេ ផងដែរ។
ដោយឡែក លោក Vipon Vorasowharid អគ្គនាយកក្រុមហ៊ុន «Bangkok Life Assurance (Cambodia) Public Limited Company» បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេស ដែលមានសក្ដានុពលល្អ ជាមួយនឹងចំនួនប្រជាពលរដ្ឋ១៥ លាននាក់ ក្នុងនោះកំណើនសេដ្ឋកិច្ចកើនឡើង៧% ក្នុងមួយឆ្នាំ និងជាប្រទេស ដែលពោរពេញដោយ វប្បធម៌រស់រវើក ព្រមទាំងបានបើកចំហរ ទទួលយកនូវគំនិតថ្មីៗ និងការអភិវឌ្ឍថ្មីជានិច្ច។ ទោះបីជាប្រទេសមានការអភិវឌ្ឍ និងការរីកចម្រើនលូតលាស់ យ៉ាងណាក្ដី ប៉ុន្តែហានិភ័យ ឬឧបទ្ទវហេតុផ្សេងៗ នៅតែអាចកើតមានឡើង ចំពោះមនុស្សគ្រប់ៗរូប។ ទាំងនេះ ជាមូលហេតុចំបងដែលក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត មានសារសំខាន់ណាស់ ចំពោះបុគ្គល គ្រប់ៗរូប។
លោកអគ្គនាយក បានបន្តឲ្យដឹងទៀតថា ការធានារ៉ាប់រងអាយុជីវិត មិនត្រឹមតែជាការធានារ៉ាប់រង ផ្នែកហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ នៃបុគ្គលគ្រប់រូប ពេលជួបឧបទ្ទវហេតុនោះទេ លើសពីនេះ វាមានអត្ថន័យបញ្ជាក់ ពីក្ដីស្រឡាញ់ ចំពោះគ្រួសារ ដូចជាប្រពន្ធ និងកូនជាដើម។ ការធានារ៉ាប់រងអាយុជីវិត គឺជាចម្លើយនៃជីវិតប្រកបដោយទំនុកចិត្ត និងសុភមង្គលនៅក្នុងពិភពលោកមួយ ពោរពេញដោយភាពមិនទៀង។ ក្រុមហ៊ុន «Bangkok Life Assurance (Cambodia) Public Limited Company» ជាមួយនឹងបេសកកម្ម ដើម្បីបង្កើតឡើង ផ្ដល់នូវសុវត្ថិភាព ផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា ជំនួយឲ្យពួកគាត់ ដើម្បីរស់នៅ ប្រកបដោយសុភមង្គល ទោះបីមានឧបទ្ទវហេតុ កើតឡើង ដោយចៃដន្យណាមួយ ក៏ដោយចុះ៕