(ស្វាយរៀង)៖ ពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» បានប្រារព្វធ្វើឡើង នៅសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីប្រធានក្រុមប្រឹក្សា ខេត្ត អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ ដោយប្រមូល ថវិកាបានជាង៣១ម៉ឺនដុល្លារ។
ថ្លែងនាឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងការកោតសរសើរ ចំពោះសកម្មភាពរបស់សាខាកាកបាទក្រហម ខេត្តស្វាយរៀង ដែលរយៈពេលកន្លងមក តែងចុះជួយបានទាន់ពេលវេលា នូវរាល់បញ្ហា និងភាពប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចមានក្នុងរបាយការណ៍ស្រាប់។ ជាពិសេស នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ ទៅលើការដឹកនាំដ៏វៀងវៃ ប្រកបដោយគតិបណ្ឌិត និងសន្តានចិត្តមុតស្រួច របស់សម្តេចកិត្តិបណ្ឌិត ប្រធានកាកបាទក្រហមជាតិកម្ពុជា រយៈពេល ០៦អណត្តិ កន្លងមក ដែលធ្វើឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ទទួលស្គាល់ តាមរយៈសកម្មភាពមនុស្សធម៌ ទៀងត្រង់ ស្របតាមគោលការណ៍គ្រឹះទាំង០៧យ៉ាង គឺសកលភាព-ឯកភាព-សេវាកម្មស្ម័គ្រចិត្ត-ឯករាជ្យភាព-ភាពមនុស្សធម៌-ភាពមិនលំអៀង-និងអព្យាក្រឹតភាព។
លោកបានបញ្ជាក់បន្ថែមថា ថវិកាចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងអស់ គឺពិតជាបានចូលរួមធ្វើបុណ្យធំណាស់ បើគិតតាមផ្លូវ ព្រះពុទ្ធសាសនា ពីព្រោះថវិកា ដែលយើងគ្រប់គ្នាបានឧបត្ថម្ភនេះ ត្រូវបានកាកបាទក្រហមជាតិកម្ពុជា ដឹកនាំដោយសម្តេចកិត្តិបណ្ឌិត ចុះធ្វើសកម្មភាពជួយនៅគ្រប់ទីកន្លែង និងជាច្រើនមុខសញ្ញា រួមមានៈ ជនក្រីក្រ-ជនរងគ្រោះ និងជនងាយរងគ្រោះ-ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ-កុមារកំព្រា គរថ្លង់ កុមារខ្សោយសតិបញ្ញា និងជនចាស់ជរាគ្មានទីពឹងជាដើម៕