(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានថ្លែងថា កម្ពុជានឹងរៀបចំទិវាសេរីភាពសារព័ត៌មាន ពិភពលោកថ្នាក់ អន្តរជាតិនៅឆ្នាំក្រោយ ដើម្បីបំផុសការចាប់អារម្មណ៍ឲ្យបានខ្ពស់ បន្ថែមទៀតចំពោះវិស័យព័ត៌មាននៅកម្ពុជា។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងដូច្នេះក្នុងឱកាសប្រារព្ធទិវាសេរីភាព សារព័ត៌មានពិភពលោកលើកទី១៦ ដែលបានធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក២ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបានបន្ថែមថា ការរៀបចំទិវាសេរីភាពសារព័ត៌មាន កម្រិតពិភពលោកនេះ លោកនឹងអញ្ជើញអ្នកតំណាងស្ថាប័នអន្តរជាតិធំៗមកចូលរួម ហើយក្រសួងព័ត៌មាននឹងកោះប្រជុំ សមាគមសារព័ត៌មាននៅក្នុងប្រទេស ដើម្បីពិភាក្សាគ្នាពីការរៀបចំ ទិវាខ្នាតអន្តរជាតិនេះ៕