ក្រុមឧក្រិដ្ឋជន៥នាក់ បាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវនាំមកសាលាឧទ្ធរណ៍កាត់ទោស
03-05-2017 09:54
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ សាលាឧទ្ធរណ៍ ចាប់ផ្ដើមសវនាការរឿងក្ដីក្រុមឧក្រិដ្ឋជន៥នាក់ ដែលបានបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញមួយរូប ឈ្មោះ ទៀន ករុណា។ ប៉ុន្តែសវនាការនេះផ្តោតលើសំណុំរឿងគ្រឿងញៀន និងបទចូលរួមក្រុមឧក្រិដ្ឋជន។ រីឯរឿងក្តីបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពុំទាន់ត្រូវបានសាលាឧទ្ធរណ៍លើកយកមកជំនុំជម្រះនោះទេ ក្រោយសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសអស់មួយជីវិតរួចហើយនោះ។
សវនាការនេះ ដឹកនាំដោយលោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ជុំ សែនសទ្ធា ជាតំណាងមហាអយ្យការ។
ក្រុមជនជាប់ចោទមានឈ្មោះ លី កុកហ៊ុយ អាយុ៦៤ឆ្នាំ ឈ្មោះ ទី អៀង អាយុ៤៥ឆ្នាំ ឈ្មោះ លី វិរៈ អាយុ៣៧ឆ្នាំ ឈ្មោះ ក្រាវ រិទ្ធារ៉ា អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក និង ឈ្មោះ ស៊ុន ដារ៉ូ អាយុ២៣ឆ្នាំ។ ពួកគេទាំងអស់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសចន្លោះពី៤ឆ្នាំទៅ៥ឆ្នាំ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន និងបទចូលរួមក្រុមឧក្រិដ្ឋជន ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅខណ្ឌទួលគោក។ ខណៈសវនាការកំពុងបន្តនៅឡើយ៕