(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានសម្រេចទទួលស្គាល់ ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈ ប្រកា៤៧ថ្មីរបស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន។ នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្រ្គោះជាតិ ដែល Fresh News ទទួលបាននៅប៉ុន្មាននាទីមុននេះ។

លិខិតរបស់សម្តេចក្រឡាហោម បានសរសេរថា «ខ្ញុំសូមជំរាបជូន លោកប្រធានគណៈកម្មាធិការប្រតិបត្តិថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតរបស់គណបក្សសង្រ្គោះជាតិ ដូចមានចុះក្នុងយោងខាងលើ ពាក់ព័ន្ធនឹងសំណើសុំតម្កល់លក្ខន្តិកៈគណបក្សសង្រ្គោះជាតិ ដែលសមាជវិសាមញ្ញ គណបក្សបានធ្វើវិសោធនកម្មលើប្រកា៤៧(ថ្មី) ទៅជាប្រកា៤៧ថ្មី (មួយ) និងបានអនុម័តកែតម្រូវលេខរៀងជំពូកទី១០ ទៅជាជំពូកទី៩វិញ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបានរៀបចំសមាជវិសាមញមួយទៀត ដោយសម្រេចកែប្រែជាថ្មីម្តងទៀត នូវលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រកា៤៧ថ្មី ស្តីពីការជ្រើសរើសអនុប្រធានគណបក្សរបស់ខ្លួន។ ប្រការ៤៧ថ្មី(មួយ) ដែលត្រូវបក្សប្រឆាំងកែប្រែរួចនេះ នឹងមិនកំណត់រយៈពេល៣០ថ្ងៃ សម្រាប់ការជ្រើសរើសអនុប្រធាន ដូចប្រការ៤៧ថ្មី ឡើយ ពោលគឺការជ្រើសរើសអនុប្រធានរបស់គណបក្សសង្រ្គោះជាតិ លែងមានការកំណត់ពេលដូចមុនហើយ។

ក្រោយពេលសមាជវិសាមញ្ញនេះ គណបក្សសង្រ្គោះជាតិបានបញ្ជូនទៅក្រសួងមហាផ្ទៃ ភ្លាមៗផងដែរ ដើម្បីឱ្យទទួលស្គាល់៕

ខាងក្រោមនេះជាលិខិតក្រសួងមហាផ្ទៃ៖