(ស្ទឹងត្រែង)៖ ដើម្បីបង្កើតសមត្ថភាពក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ក្នុងពិធីដែលបានប្រារព្ធ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនេះ ក៏មានការចូលរួមពី លោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៌ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងនាយអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល ក្នុងនាមជាអ្នក ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានជំរុញឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំងអស់ យកចិត្តទុកដាក់លើបញ្ហាបង្ក្រាបបទល្មើសធនធានធម្មជាតិ និងតាមដានពីលទ្ធផលការងារបង្ក្រាបនេះ ឲ្យបានជាប្រចាំ ទន្ទឹមនិងមានភារកិច្ចទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ ពិសេសពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ដើម្បីធានាឲ្យបាននូវស្ថេរភាពជូនប្រជាពលរដ្ឋ តាមមូលដ្ឋានក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕