(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តជួបជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសរុបជាង ៤ពាន់នាក់បន្ថែមទៀតមកពីតាមក្រសួងស្ថាប័ន នានា ដើម្បីជជែកពីការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ ក៏ដូចជាការបោះឆ្នោតជាតិ ឆ្នាំ២០១៨ផងដែរ។
សមាជិក សមាជិកា ដែលចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ គឺអញ្ជើញមកពីអគ្គនាយកដ្ឋានរដ្ឋសភា , គ.៧៨, ខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន, ធនាគារជាតិ, ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងធម្មការ និងសាសនា, ក្រសួងកិច្ចការនារី, ក្រសួងមុខងារសាធារណៈ និងអាកាសចរណ៍ស៊ីវិល។
កិច្ចសំណេះសំណាលត្រូវបានគេដឹងថា ធ្វើឡើងដើម្បីបង្ហាញនូវការងារសំខាន់ៗមួយចំនួន ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ផងដែរ។
នៅសល់រយៈពេលតែ ៣៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់ហើយ។
គ្រាដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងជាបក្សនយោបាយចាស់ទុំមានរចនាសម្ព័ន្ធដឹកនាំ រឹងមាំជាងគេនៅកម្ពុជា បាននិងកំពុងបង្កើនសកម្មភាពយ៉ាងមមាញឹក ក្នុងទិសដៅដណ្តើមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន រួមនិងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចេញធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋាន ក្រៅពីនោះកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីតាមក្រសួងស្ថាប័ន ព្រមទាំងមន្រ្តីតាមបណ្តាខេត្ត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ។
រាល់កិច្ចសំណេះសំណាលទាំងនោះ សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកដល់សមាជិក សមាជិកបក្សរបស់ខ្លួន ឲ្យប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេសមិនត្រូវធ្វើរឿងនាំដល់ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនោះឡើយ៕