(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ ពីអគ្គិសនីកម្ពុជា ដោយមានវត្ដមាន លោក កែវ រតនៈ ប្រតិិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីិកម្ពុជា ហើយអំណោយនេះ កាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់ឲ្យមានតម្លាភាព ក្នុងការជួយប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះដទៃទៀត ទូទាំងប្រទេសឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ។
ក្នុងឱកាសនោះ លោក កែវ រតនៈ និងក្រុមការងារ បានប្រគល់ថវិកា ជូនកាកបាទក្រហមកម្ពុជាចំនួន ១០០,០០០ ដែលជាថវិកាសម្រាប់ឧបត្ថម្ភទិវា ៨ឧសភា ដែលកាកបាទក្រហមកម្ពុជា នឹងប្រារព្ធទិវា៨ឧសភាលើកទី១៥៤ ដើម្បីកៀរគរ មូលនិធិសម្រាប់ទ្រទ្រង់សកម្មភាព មនុស្សធម៌ជួយប្រជាជនជួបការលំបាកគ្រប់រូបភាព គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដល់ប្រជាពលរដ្ឋ ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ ក្មេងកំព្រារ និងបញ្ហាជាច្រើនទៀតផងដែរ៕
សូមជម្រាបថា ការទទួលជួបសវនាការ និងប្រគល់-ទទួលអំណោយខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរាជធានីភ្នំពេញ៕