(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសផ្លូវការមួយថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្ដរាគមដោះស្រាយបញ្ហា និងបញ្ជូនពលការិនីខ្មែរ២នាក់ មកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់ ទៅធ្វើការដោយខុសច្បាប់។
ក្រសួងការបរទេស បញ្ជាក់ថា ពលការិនីម្នាក់ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅធ្វើការនៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៤ ដោយធ្វើការលំបាកនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ បានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដល់នៅដល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោយពីកិច្ចអន្ដរាគមន៍ និយោជករបស់នាងបានប្រគល់ប្រាក់ខែដែលនៅសល់ឲ្យមកវិញ។
ក្រសួងបានបន្ថែមថា ពលការិនីម្នាក់ទៀត មកពីស្រុកសំបូរ ខេត្តក្រចេះ បានទៅធ្វើការនៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៥ ក្រោយពីការទៅដោយខុសច្បាប់ ស្រាប់តែនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នាងបានស្នើសុំកិច្ចអន្ដរាគមន៍ពីស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី ដើម្បីវិលមកស្រុកកំណើតវិញ។
សូមបញ្ជាក់ថា ពលការិនីទាំង២នាក់ បានមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង០៧៖៣៥នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ តាមជើងយន្ដហោះ AK536។
សូមជំរាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្ដរាគមជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ ចំនួន៦០នាក់ ក្នុងនោះស្រី៥១នាក់៕