(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមានការវិនិយោគដោយផ្ទាល់ច្រើនជាងគេបំផុតពីជប៉ុនមកកម្ពុជា ដែលមានទុនវិនិយោគប្រមាណ ៨២២លានដុល្លារអាមេរិក និងស្នើឲ្យជប៉ុនបន្តបង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយ លោក ណូបឹអូ គីស៊ី (Nobuo Kishi) អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន នៅសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានលារចូលរួមពីសំណាក់លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ឹឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា, មន្ត្រីនៃក្រសួងការបរទេសជប៉ុន, មន្ត្រីស្ថានទូតជប៉ុន, និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
ក្នុងជំនួបនោះ លោក សុខ ចិន្ដាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការចំណាយពេលវេលារបស់លោក ណូបឹអូ គីស៊ី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានមកជួបពិភាក្សាការងារដោយផ្ទាល់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បន្ទាប់មកទៀត លោក សុខ ចិន្តាសោភា បានបង្ហាញនូវការអបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការកន្លងទៅរបស់បណ្ដាក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្ដែងការវិនិយោគរបស់ក្រុមហ៊ុនអ៊ីអន (Aeon) ក្នុងការបង្កើតផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) ភ្នំពេញ ដែលទីតាំងទី១ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៨០០០ម៉ែត្រការេ និងបានកំពុងពង្រីកសកម្មភាពលើទីតាំងទី២ លើផ្ទៃដីទំហំ ១០០០០០ម៉ែត្រការេ ដែលនឹងបើកឱ្យដំណើរការនៅឆ្នាំ២០១៨ ព្រមជាមួយនឹងគម្រោងបើកហាងទំនិញជប៉ុន (grocery stores) ចំនួន ៣០កន្លែងទៀតផងនៅឆ្នាំខាងមុខ។ ជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានបង្ហាញពីកំណើននៃចំនួនប្រជាជនដែលមានចំណូលមធ្យម (Middle-class) ផងដែរ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូជប៉ុនថា បន្ថែមពីលើតួលេខគម្រោងវិនិយោគដែលបានឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅមានគម្រោងវិនិយោគផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍របស់មជ្ឈដ្ឋានជប៉ុន និងអ្នកវិនិយោគជប៉ុន គឺការកើនឡើងជាបន្តបន្ទាប់នៃភោជនីយដ្ឋានជប៉ុនរហូតដល់ ២០០ កន្លែងនៅរាជធានីភ្នំពេញ និងជាង ៥០ កន្លែងនៅខេត្តសៀមរាប, ការចាប់ផ្ដើមប្រតិបត្តិការរបស់ធនាគារមីស្សូហូ (Mizuho) នៅកម្ពុជា, ប្រតិបត្តិការហោះហើរផ្ទាល់ភ្នំពេញ-តូក្យូរបស់ក្រុមហ៊ុនអាណា (ANA) ជាដើម។ វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែបានចូលរួមបង្កើនការងារធ្វើជូនប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា ការដាំដើមឈើ ការជួយដល់ជនពិការ ការចូលរួមក្នុងការកម្ចាត់មីន និងការសាងសង់សាលារៀនជាដើម។
ជាពិសេសទៅទៀតនោះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមានការវិនិយោគដោយផ្ទាល់ច្រើនជាងគេបំផុតពីជប៉ុនមកកម្ពុជា ដែលមានទុនវិនិយោគប្រមាណ ៨២២លានដុល្លារអាមេរិក។ ដើម្បីជំរុញការវិនិយោគកាន់តែច្រើនថែមទៀត ដូចដែលបានចង្អុលបង្ហាញក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ លោករដ្ឋមន្ត្រី បានស្នើសុំដល់ភាគីជប៉ុន ពិនិត្យលទ្ធភាពផ្ដល់ជំនួយបច្ចេកទេសក្នុងការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងការកសាងសមត្ថភាព មន្ត្រីជំនាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំគោលនយោបាយ។
លោក ណូបឹអូ គីស៊ី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ៧,៧%ក្នុងអំឡុងជាង២ទសវត្សរ៍ចុងក្រោយនេះ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានផ្ដល់កិច្ចសម្រួលគ្រប់បែបយ៉ាង និងដោះស្រាយបញ្ហាប្រឈមនានារបស់អ្នកវិនិយោគជប៉ុន ដោយបានអនុវត្តនូវយន្តការនានា ជាពិសេសកិច្ចប្រជុំជាទៀងទាត់ ២ដងក្នុងមួយឆ្នាំនៃគណៈកម្មការចម្រុះកម្ពុជា-ជប៉ុន។
លោកអនុរដ្ឋមន្ត្រីជប៉ុន ក៏បានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរបស់លោក សុខ ចិន្ដាសោភា ដោយបញ្ជាក់ថា ភាគីជប៉ុននឹងពិចារណាលម្អិតលើលទ្ធភាពក្នុងការចូលរួមបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។
ជាកិច្ចបញ្ចប់ លោកអនុរដ្ឋមន្ត្រីជប៉ុន បានសន្យាថានឹងបន្តលើកទឹកចិត្តឱ្យអ្នកវិនិយោគជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត៕