(តូក្យូ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាវិស័យអទិភាពនៅកម្ពុជា ប្រាប់ដល់នាយកប្រតិបត្តិ នៃសភាសមាគមមិត្តភាពជប៉ុន-មេគង្គ លោក Miki Watanabe ក្នុងគោលបំណងផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីក្រុមវិនិយោគិន និងទេសចរនៅជប៉ុន ឲ្យមកបណ្ដាក់ទុនវិនិយោគ និងទស្សនាកម្ពុជា កាន់តែកើនឡើងថែមទៀត។

ដំណឹងពិសេសនេះ ត្រូវបានលោករដ្ឋមន្រ្តីលើកឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃសភាសមាគមមិត្តភាពជប៉ុន-មេគង្គ នៅការិយាល័យសភាទីក្រុងតូក្យូ។

លោក Miki Watanabe បានជម្រាបជូនលោករដ្ឋមន្រ្តី ថោង ខុន ថា សភាសមាគមមិត្តភាពជប៉ុន-មេគង្គ បានបង្កើតឡើងមានរយៈពេល១២ឆ្នាំ មកហើយ និងមានកិច្ចប្រតិបត្តិការល្អជាមួយប្រទេសតំបន់មេគង្គ។ ចំពោះប្រទេសកម្ពុជា សភាសមាគមមិត្តភាពជប៉ុន-មេគង្គ បានធ្វើទស្សនកិច្ចរយៈពេល ២ដង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧ កន្លងទៅ។ សភាសមាគមមិត្តភាពក៏បានទៅទស្សនាប្រាសាទអង្គរដ៏ល្បី។ ចំពោះដំណើរទស្សនកិច្ចរបស់លោកមរដ្ឋមន្រ្តី ថោង ខុន នៅអំឡុងពេលផ្សព្វផ្សាយ «Cambodia Tourism Roadshow» និង​ «Cambodia Festival 2017» នៅទីក្រុងតូក្យូ នាសប្តាហ៍នេះ លោកនាយកជឿជាក់ថា នឹងទទួលលទ្ធផលផ្លែផ្កាល្អ ក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍ជប៉ុន-កម្ពុជា។

លោក ថោង ខុន ក៏បានថ្លែងអំណរគុណដល់លោកនាយកប្រតិបត្តិ នៃសភាសមាគមមិត្តភាពជប៉ុន-មេគង្គ ចំពោះការគាំទ្រឲ្យមានការហោះហើរត្រង់ផ្ទាល់ រវាងទីក្រុងតូក្យូ-ភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរ All Nippon Airways (ANA) និងការគាំទ្រដល់ប្រទេសតំបន់មេគង្គ រួមទាំងកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ដឹកជញ្ជូន និងធនធានមនុស្ស។
 
លោករដ្ឋមន្រ្តីបានជម្រាបវិញថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍវិស័យទេសចរណ៍ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយការទាក់ទាញជាមួយការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតផលទេសចរណ៍ និងផ្សព្វផ្សាយគោលដៅថ្មីបន្ថែមទៀត។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៥លាននាក់​ កើនឡើង ៥% ក្នុងនោះទេសចរជប៉ុនមាន ជិត២០ម៉ឺននាក់ ហើយនៅក្នុងរយៈពេល២ខែ​ដើម​ឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​ ១.៣​លាននាក់ ព្រមជាមួយទេសចរជប៉ុន​​ ជាង៤ម៉ឺននាក់ កើនឡើង​ ១៤%​ ព្រមជាមួយនោះទេសចរកម្ពុជាក៏បានទៅទស្សនាជប៉ុនមានចំនួន ១២,០០០នាក់ ផងដែរ ក្នុងឆ្នាំ២០១៦។  ក្នុងឆ្នាំ២០១៧ កម្ពុជានឹងទទួល​បានទេសចរ​អន្តរជាតិ​ប្រមាណ ៥.៤លាននាក់ និងឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដោយក្នុងនោះរំពឹងថា នឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺននាក់ដែរ៕