(តូក្យូ)៖ គណៈប្រតិភូកម្ពុជាមួយក្រុមធំ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានចូលរួមក្នុងសន្និសីទផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា «Cambodia Tourism Roadshow» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួបជុំគ្នាផ្លាស់ប្ដូរបទពិសោធន៍ និងធ្វើធុរកិច្ចជាមួយដៃគូរដ្ឋ និងឯកជននានា ដែលប្រតិបត្តិការការងាររបស់ខ្លួន ពាក់ព័ន្ធនឹងទេសចរណ៍ និងការដឹកជញ្ជូន។
សន្និសីទផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានេះ ធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមគាំទ្រពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទីភ្នាក់ងារទេសចរណ៍ជាតិជប៉ុន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំប្រទេសជប៉ុន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA និងផ្នែកឯកជនផ្សេងទៀត ក្នុងឧស្សាហកម្មទេសចរណ៍ និងឧស្សាហកម្មធ្វើដំណើរ មានជាអាទិ៍ ក្រុមហ៊ុនអាកាសចរណ៍ ANA SCA សណ្ឋាគារសុខា រមណីយដ្ឋានទេសចរណ៍ VKirirum ជាដើម ពិសេសក៏មានការចូលរួមជាកិត្តិយសផងដែរពី លោកស្រី ជាតិ គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក Akihiko Tamura អគ្គលេខាធិការ ស្ថាប័នទេសចរណ៍ជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។
នៅក្នុងសន្និសីទផ្សព្វផ្សាយ «Cambodia Tourism Roadshow» មានការធ្វើបទបង្ហាញផ្សេងៗ អំពីការអភិវឌ្ឍ និងការរីកចម្រើនវិស័យទេសចរណ៍ ផលិតផលនិងសេវាកម្ម ព្រមទាំងសក្ដានុពលវិនិយោគនៅកម្ពុជា ជូនដល់ធុរជនចំនួន ២០០នាក់ មកពី១៥០ក្រុមហ៊ុន ពាក់ព័ន្ធវិស័យទេសចរណ៍ និងការដឹកជញ្ជូន ដែលជាឱកាសចំពោះប្រតិបត្តិករ និងទីភ្នាក់ងារទេសចរណ៍ជប៉ុន-កម្ពុជា ជួបជុំផ្លាស់ប្ដូរបទពិសោធន៍ និងធ្វើធុរកិច្ចជាដៃគូជាមួយគ្នា។
លោក ថោង ខុន បានថ្លែងទៅកាន់ធុរជន អ្នកសារព័ត៌មានដែលបានចូលរួមថា «ការរៀបចំសន្និសីទនេះ ជាពេលវេលាដ៏សមស្រប ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បន្ទាប់ពីមានការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) រវាងទីក្រុងតូក្យូ និងភ្នំពេញ។ ការតភ្ជាប់ផ្លូវអាកាសនេះ បានជួយជំរុញឲ្យមានលំហូរទេសចរ និងអ្នកវិនិយោគទុនជប៉ុន មានការកើនឡើង និងរួមចំណែកដល់ការពង្រីកការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធ រវាងប្រជាជនប្រទេសទាំងពីរ»។ ក្នុងពិធីនេះ ក៏មានរៀបចំពិធីសម្ដែងទស្សនិយភាពសិល្បៈ ដោយក្រុមសិល្បកររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការរៀបចំលៀងសាយភោជន៍ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍវិស័យទេសចរណ៍ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពទាក់ទាញ រួមនិងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងការធ្វើឲ្យប្រសើរឡើង នូវគុណភាពសេវាកម្មទេសចរណ៍ ព្រមទាំងបង្កើនផ្សព្វផ្សាយពីគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ក្នុងពិភពលោក និងតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជាង៥លាននាក់ កើនឡើង៥% ក្នុងនោះទេសចរជប៉ុន ជិត២០ម៉ឺននាក់ ហើយនៅក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៣លាននាក់ ព្រមជាមួយទេសចរជប៉ុន ជាង៤ម៉ឺននាក់ កើនឡើង ១៤% ព្រមជាមួយនោះ ទេសចរកម្ពុជាក៏បានទៅទស្សនាជប៉ុនមានចំនួន ១២,០០០នាក់ ផងដែរ ក្នុងឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៧ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៤លាននាក់ និងឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដោយក្នុងនោះ រំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺននាក់ផងដែរ៕