(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជូនលោកតា សួន ម៉ាប់ (ហៅ សួន សាន) អាយុ ៦៩ឆ្នាំ ជាគ្រូបង្រៀនចាប៊ីដងវែង និងជាម្ចាស់ពានរង្វាន់ចាប៉ីដងវែងជ័យលាភីលេខ២ ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ដែលមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងឱកាសប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពីការគិតគូរពីបញ្ហាសុខភាពរបស់លោកតា ជាសិល្បករជើងចាស់ ហើយដែលបានបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ និងសូមជូនពរឲ្យលោកតា ឆាប់បានជាសះស្បើយពីជំងឺ។
កូនប្រុសទី ៥ របស់លោកតា សួន សាន ដែល មកទទួលអំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរចំពោះទុក្ខលំបាកគ្រួសាររបស់លោកតា និងតែងបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា បានចំនួន ៣លើករួចមកហើយ។
សូមបញ្ជាក់ថា លោកតា សួន សាន ដែលត្រូវ បានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ហើយដែលលោកតាអាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ីដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតា បានធ្លាក់ខ្លួនឈឺដើរពុំរួច ក្នុងអំឡុងឆ្នាំ២០១៤ បន្ទាប់ពីលោកតា ត្រឡប់មកពីច្រៀងចាប៉ីនៅប្រទេសចិនបានជាងមួយខែ នៅពេលនោះហើយធ្វើឱ្យជីវភាពរបស់គ្រួសារលោកតា ធ្លាក់ចុះដុនដាបជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ៕