(ភ្នំពេញ)៖ រៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែឧសភា គឺជាទិវារំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ​ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ខ្មែរក្រហម ហើយក៏ជាថ្ងៃចងកំហឹងចំពោះអំពើដ៏ឃោរឃៅនេះផងដែរ។ ថ្ងៃនោះនៅលើប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ជាដើម នឹងផ្សាយយ៉ាងទូលំទូលាយ ពីការរំឭកព្រឹត្តិការណ៍សម្លាប់យ៉ាងរង្គាលនេះ។ ប៉ុន្តែនៅថ្ងៃទី២០ ខែឧសភានេះដែរ ក៏ជាថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយចាប់ផ្តើម សកម្មភាពឃោសនា ពីគោលនយោបាយ និងកម្មវិធីនយោបាយរៀងៗខ្លួនដែរ ដែលកម្មវិធីទាំងពីរនេះ នឹងត្រូវចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ដូចគ្នា។

លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានពន្យល់ដល់សារធារណជនកុំឲ្យមានការយល់ច្រឡំចំពោះរឿងទាំងពីរនេះ និងចៀសវាងក្រុមឱកាសនិយមណាមួយ ធ្វើការបំភ្លៃការពិតពីការចាក់ផ្សាយនេះ។ លោកបានអះអាងបញ្ជាក់ប្រាប់ថា ទិវារំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះនៅរបបប្រល័យពូជសាសន៍ ខុសដាច់ស្រឡះពីយុទ្ធនាការឃោសនាបោះឆ្នោត ថ្វីត្បិតកម្មវិធីទាំងពីរនេះ នឹងត្រូវចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាក៏ពិតមែន ហើយរឹតតែមិនមែនជាការយកព្រឹត្តិការណ៍រំឭកការឈឺចាប់នេះ ជាឱកាសឃោសនាទាក់ទាញសន្លឹកឆ្នោតនោះឡើយ។

លោកថ្លែងយ៉ាងដូច្នេះថា «ការបោះឆ្នោត គឺជាឆន្ទៈរបស់ប្រជាពលរដ្ឋ, ការបោះឆ្នោតយើងចង់បានការដឹកនាំមួយដ៏ល្អ តាមឆន្ទៈរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែថ្ងៃ២០ ឧសភា គឺជាថ្ងៃចងចាំរបស់ប្រជាពលរដ្ឋ ដូច្នេះហើយ ខ្ញុំខ្លាចមានការព្រួយបារម្ភពីបញ្ហាពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ពិសេសពីមជ្ឈដ្ឋានគណបក្សនយោបាយ និងមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយ យើងមិនយល់អំពីអ្វីទៅដែលហៅថា ទិវាចងកំហឹងចំពោះរបបប្រល័យពូជសាសន៍ ហើយនិងអ្វីដែលជាការបើកយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្តែខ្ញុំចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ យកគោលការណ៍សុខសន្តិភាពជាមូលដ្ឋាន ដើម្បីសង្គមយើង»

លោកអគ្គនាយកលើកឡើងនេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬ ជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត នឹងបើកទំព័រឡើងចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ។ យុទ្ធនាការនេះ នឹងចាប់ផ្ដើមឡើង ចំថ្ងៃប្រារព្ធទិវារំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម ដែលត្រូវធ្វើឡើងនៅទូទាំង២៥រាជធានី-ខេត្ត រៀងរាល់ឆ្នាំ៕