(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលកាន់ចង្កូតនាវា កម្ពុជាឲ្យទទួលបាន ការអភិវឌ្ឍរីកចម្រើន និងតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោក យឹម ណុលឡា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមា ជិកភូមិទាំងអស់ ព្រមទាំងបេក្ខជនក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធិ ត្រៀម និងបម្រុងជាង ៤០០នាក់ នៃឃុំព្រៃល្វា និងជាង ៤០០នាក់ នៃឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាសប្តាហ៍កន្លងទៅ។ ក្នុងពិធីនោះ ក៏មានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ប៊ុន ហុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃល្វា និងលោក ញឹម បូង៉ាន អនុប្រធាន តំណាងលោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំក្តាញ់ និងក្រុមការងារថ្នាក់ឃុំ ស្រុក ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ដែលកំណើនសេដ្ឋកិច្ចមានថេរជាមធ្យមប្រចាំឆ្នាំ៧% ហើយផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្សម្នាក់ៗកើនពី ៧៦០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០៨ ដល់ ១៣០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នេះក៏អាស្រ័យដោយកម្ពុជាមានសុខសន្តិភាពពេញលេញ និងដោយសាររាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ និងមានគោលនយោបាយជាអាទិភាព៤ ត្រឹមត្រូវគឺ៖ ទឹក, ផ្លូវ, ភ្លើង និងធនធានមនុស្ស»។
លោកបន្ថែមថា «អាស្រ័យដោយកម្ពុជាមានកំណើនសេដ្ឋកិច្ចដូច្នេះ ទើបហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បានស្ថាបនាតាំងពីជនបទដាច់ស្រយាលរហូតដល់ទីប្រជុំជនភូមិ ឃុំ ស្រុក ខេត្ត ក្រុង រាជធានី។ ស្រុកមួយយ៉ាងហោចណាស់ក៏មានអនុវិទ្យាល័យមួយដែរ។ ព្រមជាមួយនោះបៀវត្សមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធបានកើនឡើងដែលកម្រិតអប្បបរមាមានជាង ៨សែនរៀលក្នុង១ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ទៅ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកផ្នែកវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើងត្រូវបានដំឡើងពី១៤០ដុល្លាអាមេរិក ដល់១៥៣ដុល្លារអាមេរិកក្នុងមួយខែ ដែលចាប់ផ្តើមអនុវត្តពីខែមករា ឆ្នាំ២០១៧តទៅ។ បើគិតអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករម្នាក់ៗអាចទទួលបានប្រាក់ចំណូលពី ១៧០ ទៅ១៨១ដុល្លាអាមេរិកក្នុង១ខែ។ រីឯតម្លៃអគ្គិសនី និងទឹកក៏ត្រូវចុះថ្លៃដែរ»។
ក្នុងឱកាសនោះ លោក យឹម ណុលឡា បានជម្រាបជូនអង្គពិធីសំណេះសំណាលបន្ថែមទៀតអំពីសារៈសំខាន់ នៃការបោះឆ្នោតឃុំព្រោះក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោតអសាកលក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ហើយមេឃុំជាអ្នកតែងតាំងប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។
ដើម្បីឈ្នះឆ្នោតក្រុមប្រឹក្សាឃុំនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានក្រើនរំលឹកដល់ប្រធានក្រុមបក្ស អនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ត្រូវបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម ធើ្វតែអំពើល្អជានិច្ច។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។ ទោះបីមានការថ្នាំងថ្នាក់ចំពោះអំពើអសកម្មមួយចំនួនរបស់មន្រ្តីនៅមូលដ្ឋានក៏ដោយក៏មិនត្រូវ «ខឹងគោទៅវាយរទេះ»នោះទេ។
លោកបន្តថា សមាជិកបក្សម្នាក់ៗជាសន្លឹកឆ្នោតពិតប្រាកដរបស់បក្ស ព្រមជាមួយនោះត្រូវខិតខំចលនាឲ្យគ្រួសារមានប្រពន្ធ ឬប្តី ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេក កូនចៅ និងបងប្អូនឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជន៕