(ភ្នំពេញ)៖ អ្វីដែលជាការរំពឹងរបស់អ្នកកាសែតក្នុងការចោទសួរចំៗ អំពីចំណាត់ការលើសំណុំរឿងរបស់ជនសង្ស័យ ជុន ច័ន្ទបុត្រ នៅក្នុងវេទិកាជួបជុំវគ្គពិសេស របស់អ្នកកាសែត ដែលរៀបចំដោយក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ហាក់មិនដូចការគ្រោងទុក និងពុះកញ្រ្ជោលនោះឡើយ ដោយសារជនសង្ស័យ ជុន ច័ន្ទបុត្រ ត្រូវបានគេចខ្លួនរត់ចោលស្រុក ពីសំណាញ់ច្បាប់ទៅកាន់សហរដ្ឋអាមេរិក មុនការចូលបំភ្លឺនៅតុលាការ។
វគ្គស្វែងយល់ពិសេស អំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលពាក់កណ្តាលជាសន្និសិទកាសែតនេះ ត្រូវបានធ្វើឡើងក្រោម អធិបតីភាពលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព, លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌, លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។
នៅក្នុងវគ្គស្វែងយល់ពិសេស អំពីក្រមនីតិវិធីព្រហ្មទណ្ឌនេះ បានលើកឡើងអំពីរៀបប្រើវាក្យសព្ទ ជនសង្ស័យ ឬជនជាប់សង្ស័យ ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត ព្រមទាំងអំពីនីតិវិធីព្រហ្មទណ្ឌមួយចំនួនទៀតផង។ នៅក្នុងវគ្គពិសេសនេះ មានតែសារព័ត៌មាន Cambodia Daily មួយប៉ុណ្ណោះ បានចោទសួរអំពីករណីសំណុំរឿង ជុន ច័ន្ទបុត្រ ខណៈក្រុមអ្នកសារព័ត៌មានជាច្រើនមិនបានលើកឡើងនោះទេ ដោយសួរតែអំពីចំណាត់ការផ្សេងៗអំពី ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ (ខាងក្រោមនេះជារបៀបប្រើវាក្យសព្ទ និងអំពីនីតិវិធីព្រហ្មទណ្ឌមួយចំនួន)៖