Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជួបសំណេះសំណាល ជាមួយតំណាងគ្រួសារបក្សចំនួន៤.៦០៣នាក់ មកពី៤ឃុំ ក្នុងស្រុកបរិបូណ៌

02-05-2017 18:19

(កំពង់ឆ្នាំង)៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថា ពេលដែលប្រទេសជាតិ ធ្លាក់ក្នុងគំនរផេះផង់ និងប្រជាជនកម្ពុជា រងទុក្ខវេទនាក្នុងរបបពួកប៉ុលពត គ្មានគណបក្សណាមួយ ជួយសង្រោះប្រជាជន និងប្រទេសជាតិឡើយ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ក្រោមការដឹកនាំរបស់សម្តេចទាំង៣ រួមនិងមន្រ្តីជាន់ខ្ពស់របស់ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាពលរដ្ឋឲ្យមានជីវិតលើកទី២ និងចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ននេះ។

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយតំណាងគ្រួសារ គណបក្សប្រជាជនកម្ពុជាចំនួន៤.៦០៣នាក់ មកពី៤ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថៃ្ងទី២ ខែឧសភា ឆ្នាំ២០១៧នេះ។

សម្តេចបានបញ្ជាក់ថា «គណបក្សប្រជាជន បានយកវប្បធម៌សន្ទនាចរចាស្វែងរកសន្តិភាពជាមួយ សម្តេចសីហនុ និងជាអ្នកយាងសម្តេចសីហនុ ចូលប្រទេសគ្រងរាជសម្បត្តិឡើងវិញ ជាពិសេសចុងក្រោយនេះ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានរំលាយអង្គការ ចាត់តាំងពួកខ្មែរក្រហម ចោលទៅស្រុងបានបង្រួបបង្រួមជាតិខ្មែរតែមួយធ្វើប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ
មានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យដល់បច្ចុប្បន្ន»។

សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យត្រៀមឯកសារតាមការកំណត់របស់ គ.ជ.ប និងអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឲ្យបានគ្រប់គ្នា និងអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមក្នុការថែរក្សាសន្តិភាព ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
សម្តេចថ្លែងថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានសុខសន្តិភាព ស្ថេរភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត»