(ពោធិ៍សាត់)៖ លោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី អាជីវករផ្សាពោធិ៍សាត់ បានប្រគល់ជូនសារុងចំនួន៣០០ និងថវិកា ៣លានរៀល ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ហើយសមាគម បានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋចាស់ជរា ក្រីក្រ គ្មានទីពឹង ចំនួន៣០០គ្រួសារ ក្នុងនោះមកពីភូមិតាកែវលើ ឃុំត្នោតជុំ ២៧គ្រួសារ និងភូមិតាកែវក្រោម ឃុំបឹងកន្ទួត២៧៣គ្រួសារ។
ពិធីចែកអំណោយមនុស្សធម៌ខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិ តាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ក្រោមវត្តមាន លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា និងលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សប្បុរសជន សមាជិកសមាគមនារីខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកស្រី ឯម ប៉ុណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី អាជីវករផ្សាពោធិ៍សាត់ ដែលបានចំណាយធនធានផ្ទាល់ខ្លួន នូវសារុងចំនួន៣០០ និងថវិកា៣លានរៀល មកឱ្យសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាកែវលើ ឃុំត្នោតជុំ និងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ចំនួន៣០០គ្រួសារនាពេលនេះ។ សន្តានចិត្តសប្បុរសធម៌ទាំងនេះ លោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី តែងតែមានសន្ធា និងចូលរួមនៅក្នុងការងារសង្គម និងទីវត្តអារាម ជាពិសេសជួយដល់ជនចាស់ជរា ក្រីក្រ គ្មានទីពឹង ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។
លោកស្រីបានថ្លែងទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអង្គការមហាជន ដែលបានបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស រួមជាកម្លាំងគាំទ្រ និងអនុវត្តគោលការណ៍១១(ខ) និងមានទស្សនៈវិស័យរបស់ខ្លួន គឺអ្វីៗទាំងអស់ ដើម្បីសុខមាលភាពរបស់ស្រ្តី និងកុមារ នៅក្នុងសហគមន៍។
ជាក់ស្តែងថ្ងៃនេះ ដោយមើលឃើញពីកង្វះខាតរបស់លោកយាយ លោកតា និងប្រជាពលរដ្ឋ សមាគមនារីខេត្ត បានចុះមកដល់ទីកន្លែង ដើម្បីបានដឹង បានឃើញ និងបានស្វែងយល់ អំពីស្ថានភាពរស់នៅរបស់បងប្អូនដោយផ្ទាល់។ ឆ្លងតាមរយៈ នៃការចុះសួរសុខទុក្ខនេះ លោកស្រី បានជម្រាបជូនថា បងប្អូនរស់នៅសព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋអំណាចមូលដ្ឋាន ហេតុនេះបើមានករណីអ្វីកើតឡើង គប្បីផ្តល់ដំណឹងជាបន្ទាន់ ដើម្បីឲ្យជំនាញមកដោះស្រាយ។
លោកស្រីបានរំលឹកថា នៅពេលខាងមុខនេះ គឺជាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដូចនេះសូមបងប្អូនត្រូវថែរក្សាឯកសារ ពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទៅតាមឆន្ទះរបស់ខ្លួន។ មួយវិញទៀត ត្រូវខិតខំរកស៊ីទទួលទាន តាមរយៈការចិញ្ចឹសត្វ ដាំដំណាំ ចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» គោរពច្បាប់ចរាចរណ៍ និងកុំឲ្យមានអំពើហិង្សាក្នុងគ្រួសារ។
អំណោយដែលត្រូវចែកជូន ដល់ប្រជាពលរដ្ឋទាំង៣០០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានសារុង១ ថវិកា១ម៉ឺនរៀល និងថ្នាំពេទ្យមួយចំនួន។ ឆ្លៀតក្នុងឱកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកស្រី ឯម ប៉ុណ្ណា ព្រមទាំងប្រតិភូរួមដំណើរ បានបន្តនាំយកអំណោយ របស់សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ទៅចែកជូនពលរដ្ឋទីទ័លក្រ ៧គ្រួសារ នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ដោយក្នុងមួយគ្រួសារៗទទួលបាន មី១កេសតូច អង្ករ១០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកត្រី៦ដប និងថវិកា៥ម៉ឺនរៀល៕