(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ដនៃកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តជាតិ ពិធីករ-ពិធីការិនីស្ថានីយវិទ្យុ ទូរទស្សន៍ទាំងអស់ ដែលកំពុងបំពេញការងារនៅកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រុមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ។
ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី១៦ ដែលនឹងឈានមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា «ខ្ញុំសូមអំពាវនាវ ដល់អ្នកសារព័ត៌មានជាតិ-អន្តជាតិ ពិធីករ ពិធីការិនីស្ថានីយវិទ្យុ ទូរទស្សន៍ទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រុមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ហើយឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូល ដោយពុំបានគិតអំពីក្បួនខ្នាតក្រឹត្យក្រមនៃការសរសេរព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត បំប៉ោងសភាពការណ៍ ធ្វើឲ្យបាត់បងតម្លៃព័ត៌មាន និងរុញច្រានស្ថានភាពនយោបាយ ប្រទេសធ្លាក់ក្នុងស្ថានភាពវឹកវរ អស្ថិរភាពនយោបាយ និងមានជម្លោះប្រដាប់អាវុធ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា អ្នកសារព័ត៌មាន និងពិធីករ-ពិធីការិនីស្ថានីយវិទ្យុ-ទូរទស្សន៍ មានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីច្បាប់សីលធម៌សង្គម វប្បធម៌សេដ្ឋកិច្ច បរិស្ថាន សុខភាព អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សានៅក្នុងសង្គម ការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាសំខាន់បំផុត ដែលរាជរដ្ឋាភិបាលកំពុងផ្ដោតយកចិត្តទុកដាក់។
នៅក្នុងលិខិតដដែលនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយព័ត៌មាន ដែលមានសារសំខាន់ពាក់ព័ន្ធនឹងការអប់រំ អំពីបញ្ហាគ្រឿងញៀនការអប់រំគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ និងបានបំផ្លាញដល់សុខភាព ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងជាពិសេសអនាគតរបស់យុវជនដែលជាទំពាំងស្នងឫស្សី ហើយរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់បណ្ដុះបណ្ដាលឲ្យក្លាយទៅពលរដ្ឋល្អសម្រាប់កសាងប្រទេសជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យព័ត៌មាននៅកម្ពុជា។ កាលពីថ្ងែទី១៤ ខែមករា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាលើកដំបូងជាមួយអ្នកសារព័ត៌មាននៅកម្ពុជាជាង ៧០០នាក់៕