(ពោធិ៍សាត់)៖ សមាសភាពកិត្តិយសសង្កាត់ចំនួន១៤រូប និងបណ្តាញថ្នាក់ភូមិ១៩៨រូប នៅក្នុងក្រុងពោធិ៍សាត់ ត្រូវបានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ ធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នៅសណ្ឋាគារពោធិ៍សាត់សេនជូរី ស្ថិតក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិសមាគមនារី និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់។
ក្នុងពិធីដែលរៀបចំឡើង នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នោះ លោកស្រី ហ៊ុន ចាន់ធី លោកស្រី ឯម ប៉ុណ្ណា និងលោក ម៉ៅ ធនិន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាសមាកមនារី ដែលបានរៀបចំពង្រឹង និងពង្រីករចនាសម្ព័ន្ធ បណ្តាញសមាគមនារី ឲ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយដើម្បីរួមចំណែកលើកកម្ពស់ស្ថានភាព ជីវភាពស្ត្រី ជាពិសេសតួនាទី ឋានៈ ចំណេះដឹងជំនាញ ក៏ដូចចូលរួមដោះស្រាយនូវក្តីកង្វល់ បញ្ហា និងតម្រូវការរបស់ស្ត្រី និងកុមារទូទាំងខេត្ត កាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធិភាព។
ពិធីប្រកាសទទួលស្គាស់សមាសភាព កិត្តិយសថ្នាក់ ឃុំ-សង្កាត់ និងបណ្តាញថ្នាក់ភូមិ បានអនុវត្តជាបន្តបន្ទាប់រួចមកហើយ ក្នុងនោះមានស្រុកក្រគរ ស្រុកបាកាន ស្រុកវាលវែង និងស្រុកភ្នំក្រវាញ រួមទាំងក្រុងពោធិ៍សាត់ បានចំនួន១២៩១រូប នៅសល់តែស្រុកកណ្តៀងមួយប៉ុណ្ណោះ នឹងប្រកាសនៅពេលក្រោយ។ នេះគឺជាការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានភាពរឹងមាំ និងត្រឹមត្រូវងាយស្រួល ក្នុងការគ្រប់គ្រងដឹកនាំស្របតាមលក្ខន្តិកៈរបស់សមាគមន៍។
ថ្នាក់ដឹកនាំទាំងបីបានលើកឡើងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាអង្គការមហាជន ដែលបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងកាលៈទេសៈ ប្រទេសជួបវិបត្តិ នៃសង្គ្រាមបង្កឡើងដោយរបបប្រល័យពូជសាសន៍។ រហូតមកដល់ពេលនេះ សមាគមនារីបាននឹងកំពុងបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស រួមគ្នាជាកម្លាំងគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទស្សនៈ «អ្វីៗទាំងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ»។
ចាប់ពីពេលនេះ រហូតដល់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ លោកបានសំណូមពរដល់បងប្អូននារី ចូលរួមគ្រប់សកម្មភាព ទាំងការងារចាត់តាំង គ្រប់គ្រង សតិអារម្មណ៍ ត្រូវចៀសវាងដាច់ខាត នូវការចាញ់ល្បិចកលឆរបោក ឃោសនាអកុសល របស់បុគ្គលមួយចំនួន និងត្រូវចេះគៀងគរនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ថ្នាក់ដឹកនាំបានជឿជាក់ថា ការពង្រីកបណ្តាញសាមាគមនារីនាពេលនេះ ពិតជាមានអត្ថន័យជាប្រវតិ្តសាស្ត្រ ខិតខំប្រឹងប្រែង និងទទួលខុសត្រូវទាំងថ្នាក់កិតិ្តយស និងទាំងបណ្តាញនៃសង្កាត់ភូមិនីមួយៗ ព្រមទាំងធ្វើការផ្សព្វផ្សាយបានយល់ដឹងអំពីលក្ខន្តិកៈសមាគមនារី ត្រូវចេះគ្រប់គ្រង ដឹកនាំស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពអនុសាខា និងជួយទៅដល់ជនងាយរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
នៅក្នុងពិធីប្រកាសនោះ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានចែកជូនវត្ថុកំដដៃ ដល់សមាជិក-សមាជិកា ដែលចូលរួមជិត៣០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ផងដែរ៕