(ភ្នំពេញ)៖ ចំណាត់ការរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបញ្ជាឲ្យ លោកស្រីឧកញ៉ា ស៊ុយ សុផាន នាយិកាក្រុមហ៊ុនផានអ៉ីម៉ិច និងក្រុមហ៊ុន ហេង លី បើកផ្លូវលំភ្ជាប់ពីផ្លូវលេខ៣៦៩ ទៅផ្លូវជាតិលេខ១ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញនោះ មិនទាន់ទទួលបានជោគជ័យទាំងស្រុងនោះឡើយ។ មិនទទួលបានជោគជ័យទាំងស្រុងនេះ ដោយតែរបងបង្ខាំងព្រំដីរវាងក្រុមហ៊ុន ស៊ុយ សុផាន និងក្រុមហ៊ុន ហេង លី មិនបានបើកឡើយ ព្រោះអ្នកស្រីឧកញ៉ា ស៊ុយ សុផាន ខ្លាចប្រជាពលរដ្ឋកំពុងមានជម្លោះដីធ្លីចូលដណ្តើមយកដី។
ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ លោក សារិន វណ្ណា គណៈបញ្ជាការឯកភាពខណ្ឌ រួមទាំងលោកស្រីឧកញ៉ា ស៊ុយ សុផាន និងឧកញ៉ា ហេង លី បានធ្វើដំណើរទៅដល់ផ្លូវលំ ដែលត្រូវក្រុមហ៊ុនបានបង្ខាំងមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះ។
ផ្លូវដែលត្រូវបើកព្រឹកមិញនេះ មានប្រវែងសរុបប្រមាណ ៦គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវលេខ៣៦៩ ទៅផ្លូវជាតិលេខ១ ឆ្លងកាត់ភូមិចំនួន៣ រួមមាន ភូមិចំពុះក្អែក សង្កាត់ព្រែថ្មី ភូមិអូរអណ្ដូង សង្ដាត់ព្រែកប្រា និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ កំណាត់ផ្លូវនេះត្រូវបានប្រជាពលរដ្ឋអះអាងថា ពួកគាត់បានប្រើប្រាស់សម្រាប់ការធ្វើដំណើរឆ្លងកាត់ក្នុងភូមិតាំងពីដើមមកម្ល៉េះ តែត្រូវបានក្រុមហ៊ុនលោកស្រី ស៊ុយ សុផាន ហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ និងបានធ្វើរបងព័ទ្ធយកដីរបស់ពួកគាត់នៅតំបន់នោះថែមទៀតផង។
មិនខុសពីប្រជាពលរដ្ឋគណៈកម្មការដោះស្រាយវិវាទដីធ្លីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានសិក្សារកឃើញផងដែរថា កំណាត់ផ្លូវនោះ ប្រជាពលរដ្ឋធ្លាប់បានប្រើប្រាស់នាពេលកន្លងទៅពិតប្រាកដមែន។ ក្រុមប្រជាពលរដ្ឋបានអះអាងទៀតថា ផ្លូវលំមួយខ្សែនេះ គឺពួកគាត់រ៉ៃអង្គាសលុយគ្នាសាងសង់សម្រាប់ធ្វើដំណើរ និងប្រកបរបរនៅលើដីបឹងនោះ ដូចជាការចិញ្ចឹមត្រី និងដាំឈូកជាដើម។
ចំណាត់ការក្នុងការបើកផ្លូវនាព្រឹកមិញ តាមពិតទៅមានការសាទរខ្លាំងណាស់ពីប្រជាពលរដ្ឋ ដែលធ្លាប់បានប្រើប្រាស់ផ្លូវលំមួយខ្សែនេះ តែពួកគាត់ប្រែជាអស់សង្ឃឹមទៅវិញ បន្ទាប់ពីរបងដែលបង្ខាំងដីរវាងដីរបស់ឧកញ៉ា ស៊ុយ សុផាន និងឧកញ៉ា ហេង លី មិនត្រូវបានបើកឲ្យដំណើរជាផ្លូវការនោះ។
បើទោះបីរបងបង្ខាំងព្រំដីរវាងឧកញ៉ា ស៊ុយ សុផាន និងឧកញ៉ា ហេង លី មិនបានបើកយ៉ាងណាក្តី តែអ្នកស្រីឧកញ៉ា ស៊ុយ សុផាន ក្រោមការបញ្ជារបស់អាជ្ញាធរនោះ ក៏បានបញ្ជាត្រាក់ទ័រឲ្យឈូសឆាយដីលុបប្រឡាយដែលឧកញ៉ា ស៊ុយ សុផាន បានកាយនាពេលកន្លងទៅឲ្យតភ្ជាប់ឡើងវិញផងដែរ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា បើទោះបីផ្លូវមិនទាន់បានបើកទាំងស្រុងយ៉ាងណាក្តី តែជំហររបស់ក្រសួង ក៏ដូចជាមន្ទីរ នឹងប្រឹងតភ្ជាប់ផ្លូវនេះឲ្យទទួលបានជោគជ័យ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។
អ្នកស្រីឧកញ៉ា ស៊ុយ សុផាន បានអះអាងថា ខ្លួននឹងបន្តសហការជាមួយអាជ្ញាធរក្នុងការបើកផ្លូវនេះ ព្រោះការបើកផ្លូវនេះមិនត្រឹមតែផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋនោះទេ ក្រុមហ៊ុនរបស់អ្នកស្រីក៏ទទួលប្រយោជន៍ពីការបើកផ្លូវនេះផងដែរ។
តាមអ្វីដែលបានមើលឃើញដោយផ្ទាល់ផ្នែកនៅលើដីកំពុងមានជម្លោះរវាងអ្នកស្រី ស៊ុយ សុផាន និងប្រជាពលរដ្ឋនោះ គេមិនទាន់ឃើញមានការអភិវឌ្ឍន៍អ្វីនោះឡើយ ក្រៅតែពីការធ្វើរបងព័ទ្ធជុំវិញដីតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋពលរដ្ឋអះអាងថា ដីដែលមានជម្លោះនោះ គឺជាកន្លែងដែលគាត់ធ្លាប់អាស្រ័យផលដូចជាដាំឈូក និងចិញ្ចឹមត្រីជាដើម តែបច្ចុប្បន្នត្រូវបានក្រុមហ៊ុនរបស់អ្នកស្រី ស៊ុយ សុផាន ឈូសឆាយលុបអស់ទៅហើយ។
ប្រជាពលរដ្ឋបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះកណ្តាប់ដៃដែករបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងការដោះស្រាយជម្លោះដីធ្លី រ៉ាំរ៉ៃជាច្រើនករណីជូនប្រជាពលរដ្ឋ ក្រោយរូបលោកឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងដែនដី។ ប្រជាពលរដ្ឋក៏រំពឹងថា លោកទេសរដ្ឋមន្រ្តី នឹងបន្តប្រើកណ្តាប់ដៃដែកនេះ ដើម្បីដោះស្រាយរាល់វិវាទដីធ្លីក្នុងភូមិសាស្រ្តខាងលើ ហើយបើកផ្លូវជូនប្រជាពលរដ្ឋឡើងវិញ កុំឲ្យភាពថ្នាំងថ្នាក់ និងការខឹងសម្បារបស់ប្រជាពលរដ្ឋកើតមានចំពោះរាជរដ្ឋាភិបាលបន្តទៅទៀត៕