(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើរបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិត សម្រាប់ឱកាសបុណ្យពិសាខបូជា។ កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ នេះបើតាម លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា ចំពោះកិច្ចការនេះ ក្រសួងបានទទួលពីពន្ធនាគាររាជធានី-ខេត្តចំនួន១៥ និងមណ្ឌលអប់រំ កែប្រែចំនួន៤។ ក្រសួងយុត្តិធម៌ នឹងប្រកាស តួរលេខផ្លូវការ នៅក្នុងកិច្ចប្រជុំថ្ងៃស្អែកតែម្តង។
សូមបញ្ជាក់ថា ការបន្ធូរបន្ថយ និងលើកលែងទោស តែងត្រូវបានធ្វើឡើង៣ដង ក្នុងមួយឆ្នាំ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី បុណ្យអុំទូក និងបុណ្យពិសាខបូជា ផងដែរ៕