(ព្រះវិហារ)៖ កងកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារចំនួន១៥នាក់ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានទៅចុះជួយសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រ១គ្រួសារ នៅភូមិបុស្ស ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ដែលដឹកនាំលោកវរសេនីយ៍ លី វណ្ណះ អនុប្រធានមន្ទីរបច្ចេកទេស សន្តិសុខខេត្ត។
លោកវរសេនីយ៍ លី វណ្ណះ បានឲ្យដឹងថា ការចុះប្រតិបត្តិការខាងលើនេះ ដោយមានការណែនាំនិងចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
លោកបានបន្ថែមទៀតថា ផ្ទះដែលសាងសង់នៅពេលនេះ មានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ហើយម្ចាស់ផ្ទះដែលកងកម្លាំង យើងចុះជួយសាងសង់នៅពេលនេះ គឺលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះប្រគល់គ្រឿងសំណង់មួយចំនួន ជូនគាត់ដើម្បីសាងសង់ផ្ទះ កាលពីប៉ុន្មានថ្ងៃមុន ដោយសារតែគាត់គ្មានប្រាក់ជួលជាងទើបគាត់ទុកគ្រឿងសំណងចោល។
លោកបានបន្តថា ដោយមើលឃើញពីបញ្ហាលំបាកបែបនេះហើយ ទើបលោកមេបញ្ជាការ បានបញ្ជាឲ្យដឹកនាំកម្លាំងមកជួយសាងសង់ផ្ទះ ជូនគាត់បន្ថែមទៀត ដែលការសាងសង់ប្រហែលរយៈពេល២ថ្ងៃទើបរួចរាល់។
ស្ត្រីឈ្មោះ ឃុន ហ៊ុន អាយុ៤១ឆ្នាំ ដែលជាម្ចាស់ផ្ទះខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ពិសេសលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានជួយឧបត្ថម្ភសម្ភារសំណង់ មិនតែប៉ុណ្ណោះថែមទាំងជួយសាងសង់ផ្ទះ ជូនគាត់ថែមទៀតផង ដែលធ្វើឲ្យគាត់មានការរំភើប សប្បាយក្នុងចិត្តយ៉ាងខ្លាំង៕