(ភ្នំពេញ)៖ ស្រ្តីស្រស់ស្អាតម្នាក់ដែលរងការគំរាមបាញ់ប្រហារពីសង្សាររបស់ខ្លួន ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសពាក់ស័ក្តិ៤នោះ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញមកអះអាងថា រឿងរ៉ាវទាំងនោះសុទ្ធ តែជាការយល់ច្រំឡំគ្នាប៉ុណ្ណោះ ហើយជម្លោះរវាងពួកគេទាំង២នាក់ ក៏មិនមានរឿងអ្វីធ្ងន់ធ្ងរដែរ។ ស្រ្តីឈ្មោះ ដាលី អាយុជាង៣០ឆ្នាំ បាននិយាយថា កាលពីយប់មិញ គាត់ និងសង្សារបានខឹងគ្នាបន្តិចបន្តួច តែចេះតែខ្លាចសង្សារធ្វើបាប ក៏មកសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែក្រោយមកពួកទាំង២នាក់ បានត្រូវគ្នាឡើងវិញមិនមានបញ្ហាអ្វីទៀតឡើយ។
ដោយឡែកមន្រ្តីអាវុធហត្ថ ដែលជាសង្សាររបស់នាងនោះ ក៏បានអះអាងថា លោកមិនបានទៅគំរាមបាញ់សម្លាប់អីនោះដែរ គ្រាន់តែប្រើពាក្យរាងធ្ងន់បន្តិច រហូតធ្វើឲ្យសង្សារខឹងខ្លាំង ហើយរត់ទៅប្តឹងសមត្ថកិច្ច។ នៅពេលនេះពួកគេទាំង២នាក់ មានទំនាក់ទំនងល្អជាមួយគ្នាឡើងវិញហើយ។
សូមបញ្ជាក់ថា ស្រ្តីរូបនេះកាលពីយប់មិញ បានរត់មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីសង្សាររបស់នាងសុទ្ធតែគំរាមបាញ់សម្លាប់ ពីព្រោះគាត់ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសពាក់ស័ក្តិ៤។
មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះថា នារីរងគ្រោះឈ្មោះ ដាលី វ័យជាង៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះនៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកបុរសដែលជាសង្សារឈ្មោះ បាន សំអេង ពាក់ស័ក្កិ៤ បម្រើការងារនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានមុខរបរមួយទៀត លក់គ្រឿងសង្ហារឹម៕