(ភ្នំពេញ)៖ ឆ្លើយតបនឹងការប្រកាសរបស់វិទ្យុអាស៊ីសេរីថា មិនឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ ត្រឡប់មកកាន់កម្ពុជាដើម្បីចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ដោយឲ្យទៅធ្វើការនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកវិញ មិនវិលមកកម្ពុជាវិញទេ, នៅវេលាថ្ងៃត្រង់ទី០២ ខែឧសភា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានហៅវិទ្យុអាស៊ីសេរីថា ជាអង្គភាពដែលផ្តល់មធ្យោបាយដល់ជនសង្ស័យ ដើម្បីគេចចេញសំណាញ់ ច្បាប់របស់កម្ពុជា។
លោក គឹម សន្តិភាព បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «អាស៊ីសេរីមិនត្រឹមធ្វើជាតុលាការទេ ថែមទាំងផ្តល់មធ្យោបាយ ដល់ជនសង្ស័យដើម្បីគេចចេញពីនីតិវិធីតុលាការថែមទៀត! ទង្វើររបស់អាស៊ីសេរីបែបនេះ ជាការការពារទាំងកំរោល ដែលបង្ហាញឲ្យឃើញថា ក្រមសីលធម៌របស់អង្គភាពមួយនេះនៅមានកំរិតទាបនៅឡើយ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលរូបនោះបានបញ្ជាក់ធ្ងន់ៗថា៖ «អ្វីដែលចម្លែកទៀតនោះ គឺអង្គភាពបែបនេះ មានទីតាំងលើទឹកដីអាមេរិក ដែលជាទីអំណួតនៃនីតិរដ្ឋ! តែទោះជាយ៉ាងណា តុលាការនៃរដ្ឋអធិបតេយ្យកម្ពុជានឹងបន្តចំណាត់ការតាមច្បាប់!»។
កាលពីម្សិលមិញសេចក្តីប្រកាសព័ត៌មានរបស់អាស៊ីសេរី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ បានគូសបញ្ជាក់ឲ្យថា លោក ហួត វទ្ធី ហៅ ជួន ចាន់បុត្រ បានទៅបំពេញការងារនៅទីស្នាក់ការកណ្តាលវិទ្យុអាស៊ីសេរី (RFA) ក្នុងសហរដ្ឋអាមេរិកវិញ ហើយ តាមសំណើររបស់ថ្នាក់ដឹកនាំ។ លោក ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់ទៅកម្ពុជាវិញនោះទេ បន្ទាប់បញ្ចប់ដំណើរចុងសប្តាហ៍ ក្នុងនាមជាថ្នាក់ដឹកនាំរបស់ RFA នៅទីក្រុងបាងកក។
លោក ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ នាចុងសប្តាហ៍មុននេះ ហើយបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយពេលនេះ លោក ជុន ច័ន្ទបុត្រ បានទៅដល់សហរដ្ឋអាមេរិកហើយ។ លោក ជុន ច័ន្ទបុត្រ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ប៉ុន្តែនៅពេលនេះលោកមិនបានចូលបំភ្លឺនោះទេ។ ហើយត្រូវបានអយ្យការបានចេញសេចក្តីថ្លែងការណ៍ និងបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនលោក ជុន ច័ន្ទបុត្រ ចូលខ្លួននៅតុលាការ និងសម្រេចបន្ត ចាត់ការលើសំណុំរឿងទៅលើឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្តស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល បណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅវេលាថ្ងៃត្រង់ទី០២ ខែឧសភា ឆ្នាំ២០១៧នេះ៕