(ភ្នំពេញ)៖ សិក្ខាសាលាស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» មួយត្រូវបានប្រារព្ធឡើង នៅសាលារៀនអន្តរទ្វីបអាមេរិកាំង រយៈពេលពេញមួយថ្ងៃ ពោលគឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះ ត្រូវបានរៀបចំដោយថ្នាក់គ្រប់គ្រង សាលារៀនអន្តរទ្វីបអាមេរិកាំង ដោយមានការអញ្ជើញ មន្ត្រីជំនាញមកពីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដើម្បីធ្វើបទឧទ្ទេសនាម និងមានសក្ខាកាម១២២នាក់ ចូលរួម។
លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងជាគ្រូបង្គោលសុវត្ថិភាពម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹង អំពីគោលបំណង នៃសិក្ខាសាលានេះថា ការបញ្ជ្រាបចំណេះដឹង «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» ក្នុងស្រទាប់យុវវ័យក្នុងពេលនេះ ធ្វើឡើងក្នុងគោលបំណងឲ្យមនុស្សជំនាន់ក្រោយ មានចំណេះដឹងជាមូលដ្ឋានកាន់តែទូលំទូលាយ ពិសេសចំណេះដឹងអំពី «សុវត្ថិភាពម្ហូបអាហារ» ដែលរាជរដ្ឋាភិបាលបានកំណត់ទុក្ខជាអតិភាពទីមួយ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។
លោកបញ្ជាក់ថា នៅទីនេះ លោកបានចែករំលែកចំណេះដឹងជាមូលដ្ឋាននូវមាត្រាសំខាន់ៗក្នុងច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា» ដែលជាច្បាប់មួយ គ្របដណ្តប់ទៅលើការនាំចូល ផលិត និងចែកចាយ ផលិតផលទំនិញទូទៅ ពិសេសផលិតផលម្ហូបអាហារ។ ថែមពីនេះ លោកបានប្រឹងអស់លទ្ធភាពតាមតែអាចធ្វើបាន ឲ្យសិក្ខាមយល់ដឹងបានស៊ីជំរៅអំពី វិទ្យាសាស្ត្រម្ហូបអាហារ ថាតើហានិភ័យនៃម្ហូបអាហារ កើតឡើងដោយសារកត្តារួមផ្សំអ្វីខ្លះ ដើម្បីឲ្យពួកគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការជ្រើសរើសម្ហូបអាហារឲ្យមានសុវត្ថិភាព នៅពីទីផ្សារ រួមទាំងការចំអិន និងការរក្សាទុកឲ្យបានត្រឹមត្រូវ។
ឆ្លើយតបទៅនឹងលទ្ធផលជាក់ស្តែង ពាក់ព័ន្ធទៅនឹងម្ហូបអាហារខូចគុណភាពដ៏ច្រើន ដែលមន្ត្រីជំនាញកាំកុងត្រូល ខ្លួនឯងបានរកឃើញ នៅលើទីផ្សារ និងដុតកំទេចចោលជារឿយៗនោះ លោក ខៀវ បញ្ញាវឌ្ឍន៍ បានឲ្យដឹងថា ការលបលួចនាំចូលដោយខុសច្បាប់ នូវម្ហូបអាហារពុំមានសុវត្ថិភាព ការដឹកជញ្ជូន និងការរក្សារទុកដោយមិន បានត្រឹមត្រូវតាមបច្ចេកទេស ការចែកចាយមិនអស់ធ្វើឲ្យម្ហូបអាហារហួស កាលបរិច្ឆេទប្រើប្រាស់ ការពុំមានអនាម័យក្នុងការចំអិន ក៏ដូចជាការខ្វះអនាម័យអ្នកប្រើប្រាស់ខ្លួនឯងផ្ទាល់ រួមទាំងការចម្លងពីបរិស្ថាន មិនសមស្របផង ទាំងអស់នេះសុទ្ធតែធ្វើឲ្យម្ហូបអាហារគ្មានសុវត្ថិភាព និងទាមទារឲ្យមានចំណាត់ការតាមនិតិវិធី ដោយមន្ត្រីជំនាញ និងច្បាប់។
កន្លងមក ក្នុងការបើកយុទ្ធនាការនាំមុខលើទីផ្សារសំខាន់ៗ ទូទាំងប្រទេស ក្នុងការស្វែងរក និងទប់ស្កាត់ម្ហូបអាហារដែលគ្មានសុវត្ថិភាព កុំឲ្យធ្លាក់ដល់ដៃអ្នកប្រើប្រាស់ លោក ម៉ក់ ពេជ្ជរឺទ្ធ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល តែងតែសំណួមពរដល់បងប្អូនអាជីវករ រួមសហការជាមួយមន្ត្រីជំនាញ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខច្បាប់ និងសីលធម៌សង្គម នូវរាល់ការដាក់បន្ថែមនូវសារធាតុណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ និងពុំត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬមួយដកចេញនូវចំណែកណាមួយ ក្នុងគោលបំណងកឹបកេងបរិមាណ។
មាត្រាទី១៦ និងទី១៧ នៃច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា» បានហាមដាច់ខាតមិនមានការក្លែងបន្លំ ឬប៉ុនប៉ងក្លែងបន្លំ រួមទាំងការក្លែងផលិតផលទំនិញ តាមរយៈការដាក់បញ្ចូលបន្ថែម ឬការដកចេញ ឬមួយការប្តូរជំនួសចំណែកណាមួយ នៃផលិតផលទំនិញ។ មាត្រា៦៣ នៃច្បាប់ដដែល បានកំណត់ឲ្យជនល្មើស ត្រូវបានពិន័យជាប្រាក់ចាប់ពី ប្រាំលានរៀល រហូតដល់ដប់លានរៀល និងអាចជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬមួយក៏ ត្រូវទទួលទាំងការពិន័យទាំងការជាប់ពន្ធនាគារ៕