(រតនគិរី)៖ ថ្លែងក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ លោក ថង សាវុន អភិបាលខេត្ត រតនគិរី បានថ្លែងប្រាប់កម្មករ កម្មការិនីជាង ៥០០នាក់ថា បើគ្មានសន្តិភាពទេនោះ ប្រាកដណាស់គ្មានការអភិវឌ្ឍដូចសព្វថ្ងៃឡើយ។
លោកថ្លែងបន្តថា សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំរកមកបានយ៉ាងលំបាកនេះ ឲ្យប្រជាពលរដ្ឋ មានលទ្ធភាព មានឱកាសប្រកបរបទទួលទានដោយសេរី។
លោក ថង សាវុន ក៏បានថ្លែងរំលឹកអតីតកាលខេត្តរតនគិរី និងបច្ចុប្បន្នក្រោមសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រែក្លាយខេត្តរតនគិរី ពីខេត្តដាច់ស្រយ៉ាល ពុំសូវមានមនុស្សរស់នៅទៅជាខេត្តមួយមានផ្លូវគមនាគមន៍ មានអគ្គិសនី សាលារៀន វត្តអារាម មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចូលមករស់នៅច្រើន ដំណាំកសិកម្ម និងកសិឧស្សាហកម្មគ្រប់ប្រភេទ បានរីកដុះដាល។
លោក ថង សាវុន ក៏បានអំពាវនាវកម្មករ ប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ដើម្បី ជ្រើសរើសមេដឹកនាំប្រទេសដែលមានសមត្ថភាព ដែលបានខិតខំកសាងសន្តិភាព ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ គឺគណបក្ស ប្រជាជនកម្ពុជា៕