(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្ដិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំនួន១៣រូប, សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង សង្កត់ធ្ងន់ថា ការប្រគល់នេះដែរ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ការលើកទឹកចិត្ត ផ្ដល់កិត្តិយស និងផ្ដល់តម្លៃតបស្នងឲ្យបានស័ក្ដិសម ចំពោះថ្នាក់ដឹកនាំ ដែលមានសមត្ថភាព បទពិសោធន៍កាងារ និងស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ច និងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ លើវិស័យសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ អស់រយៈកាលជិត៤០ឆ្នាំ កន្លងមកនេះ។
សម្ដេចបន្ថែមថា «ការបង្កើតឲ្យមានព្រឹត្តិការណ៍នេះ គឺជាចំណុចចាប់ផ្ដើមមួយ និងជាបទពិសោធន៍ដ៏ល្អមួយ សម្រាប់ជាគំរូនៃផ្ដល់ការលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ ដែលមានស្នាដៃឆ្នើម និងមានគុណសម្បត្តិចំពោះជាតិ និងមាតុភូមិជាទីសេ្នហារបស់យើង»។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងបណ្ឌិតកិត្តិយសជ័យលាភទាំង១៣រូប បានថ្លែងអំណរគុណ និងក្ដីរំភើបសប្បាយរីករាយ ក្នុងការទទួលយក «សញ្ញាបណ្ឌិតកិត្តិយស» និងគោរមងារ «សន្ដិបណ្ឌិត» នេះ ព្រោះទាំងសញ្ញាបត្រ ទាំងគោរមងារ សុទ្ធតែមានអត្ថន័យយ៉ាងជ្រាលជ្រៅច្បាស់លាស់ និងឆ្លុះបញ្ជាំងអំពីបេសកកម្ម ភារកិច្ចទទួលខុសត្រូវ និងបទពិសោធន៍ការងារ ដែលបេក្ខជនជ័យលាភីទាំង១៣រូប បានបំពេញ និងបានឆ្លងកាត់ជិត៤០ឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស» និងគោរមងារ «សន្ដិបណ្ឌិត» ទាំង១៣រូបនោះ រួមមាន៖
ទី១៖ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី២៖ នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៣៖ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៤៖ នាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៥៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ទី៦៖ នាយឧត្តមសេនីយ៍ លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៧៖ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៨៖ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៩៖ នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយដ្ឋាន ភស្ដុភារ និងហិរញ្ញវត្ថុ
ទី១០៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
ទី១១៖ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ទី១២៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយខុទ្ទកាល័យសម្ដេចក្រឡាហោម
ទី១៣៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ៕